ខេត្តសៀមរាប៖យោងតាមផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រីសៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៦នេះថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបង្ក្រាបករណីដឹកជញ្ជូន និងរក្សាទុកសត្វព្រៃ (ពស់ថ្លាន់) ដោយខុសច្បាប់ នៅភូមិ៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតពស់ថ្លាន់សរុបចំនួន ២៧ការ៉ុង ទម្ងន់ ៣១៨,៤គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារ និងអភិរក្សសត្វព្រៃ ដោយមិនគាំទ្រការជួញដូរសត្វព្រៃខុសច្បាប់នោះឡើយ៕AFN





