សៀមរាប៖អ្នកគ្រប់គ្រងនៅភូមិវប្បធម៌ថ្លែងប្រាប់អ្នកកាសែតថា៖ដោយសារតែវិបត្តិកូវីត ១៩ បានអូសបន្លាយូរពេក ទើបធ្វើឲ្យក្រុមហ៊ុននេះជួបវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយនឹងសម្រេចបិទអាជីវកម្មរបស់ខ្លួនទាំងស្រុងនាពេលខាងមុខនេះ។
បើតាមលិខិតរបស់ ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បានឲ្យដឹងថា ភូមិវប្បធម៌កម្ពុជា បានបើកដំណើរការអាជីវកម្មរបស់ខ្លួនជិត២០ឆ្នាំ(២០០៣)មកហើយ ដែលបុគ្គលិកបំរើការងារនៅទីនោះមានរហូតដល់ជាង៣១០នាក់។ប៉ុន្តែដោយសារវិបត្តិកូវីដ.១៩ ភ្ញៀវទេសចរមានការថយចុះយ៉ាងគំហុគ ទើបធ្វើឲ្យម្ចាស់ផ្ទះសំណាក់,សណ្ឋាគារ ផ្សេងៗនៅក្នុងក្រុងសៀមរាប បានសម្រេចបិទអស់ជាបណ្តើរៗ។ចំពោះការបិទអាជីវកម្ម ភូមិវប្បធម៌នេះដែរក៏ដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩នេះដែរ។ នៅគ្រាដែលមានភ្ញៀវទេសចរណ៍មកច្រើន ក្រុមហ៊ុនភូមិវប្បធម៌ អាចទទួលភ្ញៀវទេសចរបានរហូតដល់ជាង១ពាន់នាក់ក្នុង១ថ្ងៃ ហើយបច្ចុប្បន្នភ្ញៀវអន្តរជាតិមិនមានទេមានតែភ្ញៀវជាតិមិនដល់១០០នាក់ផង។ចឹងហើយទើបធ្វើឲ្យក្រុមហ៊ុន ជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុន និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។របាយការណ៍បន្តថា ក្រុមហ៊ុន ភូមិវប្បធម៌កម្ពុជា មានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ។ ការបិទក្រុមហ៊ុនអាជីវកម្មក្រុមហ៊ុនភូមិវប្បធម៌ នេះដែរគឺមិនពាក់ព័ន្ធនឹងរឿងបុគ្គលិកធ្វើកូដកម្មនោះទេ។ទោះជាយ៉ាងនេះក្តី អាជ្ញាធរនិងពលរដ្ឋ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងខណៈដែល ភូមិវប្បធម៌កម្ពុជា បិទអាជីវកម្មរបស់ខ្លួនទាំងស្រុងនាពេលខាងមុខនេះ ព្រោះភូមិវប្បធម៌កម្ពុជា បានរួមចំណែកយ៉ាងក្នុងការបង្ហាញពីវប្បធម៌របស់ខ្មែរយើងដល់ភ្ញៀវជាតិនិងអន្តរជាតិបានយល់ដឹង។ចឹងហើយគេសង្ឃឹមថាភូមិវប្បធម៌កម្ពុជា នឹងអាចដំណើរការឡើងវិញ៕សៀមរាបថែមស៍