សៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ពលរដ្ឋងាយរងគ្រោះចំនួន១១៦គ្រួសារ មាន៣សង្កាត់ ស្មើនឹង ៤ភូមិ ក្នុងក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ។នៅក្នុងពិធីចែកអំណោយបានធ្វើឡើង ក្រោមអធិបតីរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការ និង អនុសាខាកាកបាទក្រហមក្រុង អ្នកស្ម័ត្រចិត្ត និង ក្រុមយុវជនកាកបាទក្រហមកម្ពុជាចូលរួមផងដែរ។លោក នួន ពុទ្ធារ៉ា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប បានធ្វើការបញ្ជាក់អំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្តល់អំណោយមនុស្សធម៌ ព្រមទាំងការងារសុខមាលភាពសហគមន៍។ឯកឧត្តម ទៀ សីហា បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែ យកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ឯកឧត្តមបន្តថា ក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផង សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។ លោកក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ម៉្យាងទៀតក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រកមូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។ឯកឧត្តម ក៏សំណូមពរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និង សូមបងប្អូនរួសរាន់លើការងារដាំដុះដំណាំរួមផំ្ស ក្រោយពេលទឹកស្រក ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។ក្នុងនោះអំណោយជូនបងប្អូនទាំង១១៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, ឃីត ១កញ្ចប់, កន្ទេល១, មី ១កេស ត្រីខ ១យូរ, ទឹកស៉ីអ៉ីវ ៤ដប, អាយឺត២, សាប៊ូប្រូតិច ២ដុំ, តង់ប្លាស្ទិច១ និង ថវិកា១០ម៉ឺនរៀល ផងដែរ៕ដោយ៖សៀមរាបថែមស៍