សៀមរាប៖ដោយមានកិច្ចសហការគ្នាបានល្អ កម្លាំងនគរបាលស្រុកបរវេល បានចាប់បានជនសង្ស័យដែលបាញ់ប្រពន្ធបណ្តាលឲ្យរបួសនោះបានហើយ និងបច្ចុប្បន្នកំពុងនាំខ្លួនមកកាន់ខេត្តសៀមរាបដើម្បីសួរនាំ។ករណីផ្ទុះអាវុធនេះដែរបានកើតឡើងនៅវេលា ម៉ោង ០២ និង ៥០ នាទីឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប និងចាប់បាននៅវេលាម៉ោង ៩និង៣០នាទីថ្ងៃដដែល។
បើតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា រូបគាត់ត្រូវបាន ប្តី (ពុំបានរៀបការ) បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ។ស្ត្រីរងគ្រោះខាងមានកូនម្នាក់អាយុ៨ឆ្នាំ ជាចំណងដៃ មិនទាន់រៀបការ។នៅខណៈនោះកម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះក៏បានជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។គ្រានោះសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ជនបង្ក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ក្នុងនោះដែរ ឯកឧត្តមសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌល សៀមរាប បានចុះទៅសួរសុខទុក្ខ និងរួមចំណែក ក្នុងការព្យាបាល ជនរងគ្រោះ ហើយឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិច។ឯកឧត្តម ក៏សូមជូនពរឲ្យក្មួយស្រី រួចផុតពីគ្រោះថ្នាក់ដល់ អាយុជីវិត និង ឆាប់បានជាសះស្បើយ ពីមុខរបួស។ក្នុងនោះដែរឯកឧត្តម បានអំពាវនាវដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ជនបង្ក (ជនសង្ស័យ) ឈ្មោះ ចាន់ ផល (ចាន់ ពៅ ) ឬ គុជ ផល្លី អាយុ ៥៧ឆ្នាំ មកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។មិនបានប៉ុន្មានម៉ោងផង កម្លាំងសមត្ថកិច្ចក៏បានតាមចាប់ខ្លួនជនបង្កបានជាក់ស្តែងនៅស្រុកបរវេល ខេត្តបាត់ដំបង។ពជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយមានកិច្ចសហការគ្នាបានល្អរវាងនគរបាលខេត្តសៀមរាបនិងតាមបណ្តារខេត្ត ជាពិសេសេខេត្តបាត់ដំបង ជនសង្ស័យដែលបាញ់ប្រពន្ធបណ្តាលឲ្យរបួសនោះត្រូវបានកម្លាំងនគរបាលស្រុកបរវេល ចាប់ខ្លួនបានហើយ និងកំពុងនាំខ្លួនមកកាន់ខេត្តសៀមរាបដើម្បីសួរនាំតាមច្បាប់៕ដោយ៖សៀមរាប ថែមស៍