សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះថា ជញ្ជីងថ្លឹងរថយន្តបាគង និងថ្លឹងរថយន្តពួក កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមឈ្មួញតូចតាចថា មន្ត្រីប្រចាំការទីនោះកំពុងប្រព្រឹត្តអំពើពុករលួយដោយបានអនុញ្ញាតឲ្យរថយន្តធន់ធំលើសទម្ងន់ឆ្លងកាត់ជាថ្នូរនឹងលាភសក្ការៈ។ សេចក្តីរាយការណ៍បន្តថា រថយន្តរបស់មេឈ្មួញធំៗមានខ្សែធំៗដឹកទំនិញពីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តសៀមរាប និងមកពីខេត្តកំពង់ធំ ឆ្លងកាត់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ បើកស្ទើរស្រុតអស់ផ្លូវនិងស្ពានក៏មន្ត្រីទាំងនោះមិនដែលហ៊ានបើកភ្នែកមើលទេ។ក្នុងនោះក៏មានឡានខ្លះត្រូវបានមេឈ្មួញទូរស័ព្ទបង់លុយរួចជាការស្រេច ហើយក៏មិនបានបើកចូលជញ្ជីងផងដែរ។តែបើឡានមិនស្គាល់វិញនោះ មន្ត្រីទាំងនោះនឹងពិន័យយ៉ាងចាស់ដៃជាក់ជាមិនខាន។ជាក់ស្តែងកាលពីថ្ងៃទី២០ខែតុលាឆ្នា២០២០ ក្រុមអ្នកសារព័ត៌មានបានចុះមកផ្តិតរូបភាពកន្លែងជញ្ជីងរថយន្តបាគង ដែលគេរាយការណ៍មកថា មានរថយន្តដឹងធ្យូងថ្ម ពីវៀតណាមដែលមានទម្ងន់អាចរហូតដល់ជាង៦០តោន សរុបទាំងសំបកឡាន មកឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅប៉ោយបែត ហើយរថយន្តបានបើកគេចជញ្ជីង មិនចូលថ្លឹង។តែត្រូវក្រុមអ្នកសារព័ត៌មានប្រាប់សមត្ថកិច្ចនៅទីនោះ គ្រាដែលហៅឡាននោះមកវិញគេរង់ចាំលោកកូយ នឿន ប្រធានស្ថានីយ៍ថ្លឹងរថយន្តបាគង ដើម្បីហៅឡាននោះមកថ្លឹង តែលោកប្រធានរូបនោះគាត់មិនមក។នៅពេលដែលអ្នកសារព័ត៌មានចេដញមកហូបបាយក៏ឲ្យឡាននោះឡើងថ្លឹង ហើយបើកចេញបាត់។ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកព័ត៌មាន បានព្យាយាមទាក់ទងទៅលោក កូយ នឿន ដែរតែខលមិនលើកទូរស័ព្ទ។ ជុំវិញករណីនេះដែរ លោកគី វីរិន្ទ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប មិនអាចទាក់ទងសុំការពន្យល់បានទេ នៅថ្ងៃទី២០ខែតុលា រហូតដល់ថ្ងៃទី២២ ខែតុលា នេះ ដោយហៅទូរស័ព្ទចូលគ្មានអ្នកទទួល។ មហាជនមានសង្ឃឹមថា ថ្នាក់លើ នឹងមានវិធានការបង្ក្រាប រថយន្តធន់ធំៗដឹកលើសទម្ងន់ឆ្លងកាត់ខេត្តសៀមរាប ផង។ព្រោះអីបច្ចុប្បន្ននេះ ជំនន់ទឹកភ្លៀងកំពុងកើតមាន ហើយផ្លូវមួយចំនួន អាចនឹងរងការខូចខាតដោយសារដោយសាររថយន្តធន់ធំ៕ដោយ៖ពេជ្រ ពិសី