***ស្តាប់ការរៀបរាប់របស់ប្តីប្រពន្ធ ករណីឈានដល់ការបាញ់បោះនៅស្រុកក្រឡាញ់***
សៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងករណីប្ដីបាញ់សម្លាប់ប្រពន្ធចុង បណ្តាលឲ្យរងរបួសនៅស្រុកក្រឡាញ់ ទៅតុលាការ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៣ខែតុលានេះថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរលក់ភេជ្ជៈ រស់នៅភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទឃាតកម្មគិតទុកជាមុនមិនបានសម្រេច(បាញ់នឹងអាវុធK59 គោលបំណងឲ្យស្លាប់ តែជនរងគ្រោះមិនស្លាប់)។លោកបន្តថា ករណីនេះកើតឡើងកាលពីវេលាម៉ោង ០២និង៥០នាទី ទៀបភ្លឺថ្ងៃទី២២ខែតុលាឆ្នាំ២០២០ មានករណីផ្ទុះអាវុធ នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្តាលជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវត្រង់ដើមដោះខាងឆ្វេងមួយគ្រាប់បណ្តាលឲ្យរងរបួស បន្ទាប់កំលាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ប៉ុន្តែដោយសារគ្រាប់បៀមជាប់ និងមានឈាមហូរច្រើន ទើបបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកបន្ថែមថា តាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ បានឲ្យដឹកថា៖ខ្លួននិងឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទប្រុសអាយុ ៥៧ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្នមានកូនស្រីម្នាក់ អាយុ៩ខែ ដោយដឹងថាឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មិនទាន់លែងលះប្រពន្ធដើមខ្លួន ក៏សុំបែកគ្នាជាច្រើនលើក។ នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានបើករថយន្តមួយគ្រឿង NISSAN Frontier ទៅដឹករូបខ្លួននិងកូនត្រង់ចំណុចម្តុំស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ដោយប្រាប់ថាទៅខេត្តពោធិ៍សាត់ លុះបើកដល់ចំណុចស្ពានព្រែកក្តាមស្រាប់តែឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បើកឡើងតាមផ្លូវជាតិលេខ៦ មកខេត្តសៀមរាប។ លុះដល់ចំណុចម្តុំត្រាំនាគ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពួកខ្លួនបានចូលទៅសម្រាកនៅផ្ទះសំណាក់មួយមិនចាំយីហោ ហើយឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានបើកឡានចេញក្រៅប្រហែល៣០នាទី ទើបត្រឡប់មកវិញ។ លុះដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំ ដដែលពួកខ្លួនក៏នាំគ្នាបន្តដំណើរពីខេត្តសៀមរាបទៅខេត្តបាត់ដំបង ដោយមុនពេលចេញទៅឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឲ្យរូបខ្លួនលេបថ្នាំផ្តាសសាយចំនួន ៣គ្រាប់ ហើយអង្គុយនៅកៅអីក្រោយ ពេលធ្វើដំណើតាមផ្លូវឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាននិយាយផ្លែកៗថាថ្ងៃក្រោយខ្លួននិងយកកូនស្រីមកចិញ្ចឹមនិងមើលថែឲ្យបានល្អដេកលើទ្រូងម្តាយសិនចុះ លុះបើកដល់ចំណុចរង្វង់មូលគួរស្រូវ ខេត្តបន្ទាយមានជ័យ ដោយសារកូនយំខ្លាំងពេក ក៏បើកឡានត្រឡប់ក្រោយទិសដៅមកខេត្តសៀមរាបវិញ។ នៅតាមផ្លូវខ្លួនក៏បានដេកលក់នៅកៅអីក្រោយលុះដល់ចំណុចកើតហេតុខាងលើ ក៏បានលឺសម្លេងផ្ទះអាវុធ ស្រាប់តែខ្លួនមានការឈឺចុកត្រង់ដើមទ្រូវខាងស្តាំ ពេលខ្លួនបើកភ្លើងទូរស័ព្ទបំភ្លឺក៏បានឃើញឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់កំាភ្លើងខ្លីនៅក្នុងដៃពេលនោះខ្លួន បានប្រតាយប្រតប់បើកទ្វាររថយន្ត លោតចុះទៅលើថ្នល់កៅស៊ូ។ ខណៈពេលរថយន្តកំពុងតែមានចលនាទៅមុខ ជនសង្ស័យឃើញដូចនោះ ក៏បានថយរថយន្ត ក្នុងគោលបំណងកិនទៅលើរូបខ្លួន តែខ្លួនបានលោតចុះទៅក្នុងទឹកប្រឡាយ ហើយជនសង្ស័យបានបើកទ្វាររថយន្តចុះ ហើយរត់ទៅធ្វើសកម្មភាព ប្រតាយប្រតប់និងច្របាច់ករនាង ភ្លាមនោះរូបនាងក៏បានស្រែកឲ្យគេឯងជួយ ពេលនោះក៏មានប្រជាការពារ នៅជិតនោះបានចូលទៅជួយនាង ហើយជនសង្ស័យ ក៏បានរត់ឡើងរថយន្ត ហើយបើកគេចខ្លួន ដោយមានកូនស្រីខ្លួនទៅជាមួយដែរ។ លោកបញជាក់ថា តាមការពិនិត្យវិភាគកន្លែងកើតហេតុបានធ្វើការចាប់យកវត្ថុតាងមាន៖ អាវុធខ្លី ១ដើម ម៉ាក K59 បង់១, គ្រាប់ ១គ្រាប់, ចំបកគ្រាប់១, ស្រោមកាំភ្លើងពណ៌ខ្មៅ១, អាយឺតដៃខ្លី២ (ពណ៌១ និងពណ៌ខ្មៅ១)។លោកបន្ថែមថាក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបន្តកិច្ចប្រតិបត្តការ ដោយមានការសហការពីសមត្ថកិច្ចនគរបាលអធិការស្រុកបរវេល នៃស្នងការដ្ឋានខេត្តបាត់ដំបង ក៏បានឃាត់ជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាននៅវេលាម៉ោង១០និង១៤នាទី ថ្ងៃទី២២ខែតុលាឆ្នាំ២០២០ នៅចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបរវេល ខេត្តបាត់ដំបង។លោកបញ្ជាក់ថា តាមសាកសួរជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឆ្លើយសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពដូចជនរងគ្រោះរៀបរាប់ខាងលើពិតប្រាកដមែន ដោយសារខ្លួនខឹងជនរងគ្រោះចេះតែទារប្រាក់ពីររូបខ្លួនជាបន្តបន្ទាប់។ បើមិនឲ្យប្រាក់ទៅនាងទេ នោះនាងនិងយកកូនស្រីទៅជួបប្រពន្ធដើមខ្លួន ដែលអាចទៅជាទំនាស់ឈានដល់ការលែងលះមិនខាន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕ដោយ៖សៀមរាប ថែមស៍