បាត់ដំបង៖នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បាននាំយកអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១១៦០គ្រួសារ នៅក្នុងស្រុកសង្កែ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។លោកជំទាវ បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងសប្បុរសជននានាដែលបានចូលឧបត្ថម្ភ ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាទឹកជំនន់។ សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះគឺជាការជួយដល់កងទ័ពជើងគោកក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់នាឆ្នាំនេះ៕ដោយ៖សៀមរាប ថែមស៍