Monday, July 7, 2025
Header Banner

អបអរសាទរ ស្រុកបន្ទាយស្រី ត្រូវបានទទួលស្គាល់ជាប្រតិបត្តិករគំរូប្រចាំឆ្នាំ២០២០ដែលប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដោយក្រសួងបរិស្ថាន

សៀមរាប៖យោងតាមហ្វេសបុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ នេះថា ជាមោទកភាពមួយសម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី ដែលត្រូវបានទទួលស្គាល់ជាប្រតិបត្តិករគំរូប្រចាំឆ្នាំ២០២០ និងត្រូវបានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដោយក្រសួងបរិស្ថាន នៅក្នុងកម្មវិធី«លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០» កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ រដ្ឋបាលស្រុកបានធ្វើការងារជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាពិសេសនៅក្នុងភូមិព្រះដាក់ និងតំបន់សហគមន៍បឹងឈូក។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែភូមិមួយ និងសហគមន៍មួយមិនទាន់គ្រប់គ្រាន់នោះទេ ហើយភាពជោគជ័យពិតប្រាកដទាមទារឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ទើបការងារគ្រប់គ្រងបរិស្ថានអាចមាននិរន្តភាពទៅបាន។ “ការទទួលស្គាល់នៅក្នុងថ្ងៃនេះជាចំណងតភ្ជាប់ទៅនឹងទំនួលខុសត្រូវនៅក្នុងថ្ងៃស្អែក” តែវាត្រឹមតែជាការចាប់ផ្តើមមួយប៉ុណ្ណោះ។ នៅសល់កិច្ចការជាច្រើនទៀតដែលយើងត្រូវបន្តធ្វើរួមគ្នានៅក្នុងក្របខណ្ឌស្រុកទាំងមូល ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់នឹងចូលរួមឱ្យរឹតតែបានទូលំទូលាយជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលភូមិឃុំ ដើម្បីបុព្វហេតុនៃចីរភាពបរិស្ថាន និងភាពជាទីមនោរម្យរបស់ស្រុកបន្ទាយស្រីទាំងអស់គ្នា៕ដោយ៖សៀមរាប​ ថែមស៍

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម