សៀមរាប ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីយោធាពិការ និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ដែលកំពុងរស់នៅដោយស្របច្បាប់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប ចំនួន២៧៩គ្រួសារ នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់កម្មសិទ្ធិដីធ្លី) ពីរដ្ឋបាលខេត្តសៀមរាប។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់កម្មសិទ្ធិដីធ្លី) ចំនួន២៧៩សន្លឹក ត្រូវបានចែកជូនដល់បងប្អូនជាយោធិនពិការ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅដោយស្របច្បាប់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិនេះ មានប្រយោជន៍សំខាន់ណាស់ សម្រាប់បងប្អូន។ ប័ណ្ណមួយសន្លឹកនេះ គឺជាការបញ្ជាក់អំពីភាពស្របច្បាប់ ភាពជាម្ចាស់លើដីធ្លីដែលបងប្អូនកំពុងកាន់កាប់ ។ លោកនាយ ឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារជាតិ បានលើកឡើងថា ការប្រគល់នូវប័ណ្ណកម្មសិទ្ធិ គឺជាការគិតគូបន្ថែមមួយទៀតពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងរដ្ឋបាលខេត្តសៀមរាប ចំពោះបងប្អូនដែលជាយោធិនពិការ បន្ទាប់ពីពួកគាត់ទទួលបានដីលំនៅដ្ឋាន និងដីអាស្រ័យផលកាលពីពេលកន្លងទៅ។លោកបន្តថា ដីនេះ ជាកេរដំណែលដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនជាយោធិន ក៏ន័យលើកតម្កើងជីវភាព សេចក្តីថ្នៃថ្នូរបស់កងទ័ព បើទោះជាធ្លាក់ខ្លួនពិការក្តី។ យោងតាមរបាយការណ៍របស់លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានឲ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌល មានកម្លាំងសរុប១ពាន់៣រយ៦នាក់ ស្មើនឹង៣០៤គ្រួសារ ។ ក្នុងនោះមាន បងប្អូនដែលជាយោធិនពិការចំនួន២៧៧គ្រួសារ គ្រូបង្រៀនស្ម័គ្រចិត្ត២៥គ្រួសារ និងពេទ្យឆ្មបស្ម័គ្រចិត្ត២គ្រួសារ។លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បន្ថែមថា ចំពោះគ្រួសារដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិនោះ ពួកគាត់នឹងទទួលបាននាពេលឆាប់ៗខាងមុខបន្តទៀតផងដែរ៕សៀមរាប ថែមស៍