សៀមរាប៖ កម្លាំងនគរបាលជំនាញនៃស្រុកពួក ចាប់ខ្លួនឪពុកបង្កើតបានចាប់រំលោភស្រីកូនខ្លួនឯង បានសម្រេចនិងគំរាមមិនឲ្យអ្នកប្រាប់ម្ដាយ។
អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា៖កម្លាំងនគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ករណីរំលោភ សេពសន្ថវៈបានសម្រេច។ជនរងគ្រោះឈ្មោះ ភ. ល អាយុ១៨ឆ្នាំរស់នៅ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។លោកបន្តថា ជនសង្ស័យ ជាឪពុកបង្កើតរបស់ខ្លួន មានឈ្មោះ ទិត្យ ភាព អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា។ ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តនៅចំណុចលើផ្ទះខ្លួន សម្រេចចំនួន០១លើក។លោកបន្តថា តាមការរៀបរាប់របស់នារីរងគ្រោះថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាងឈ្មោះ ទិត្យ ភាព តែងមានទំនាស់ ក្នុងគ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលា រៀនសូត្រ មិនឲ្យនាងមានមិត្តភ័ក្ត ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុនប៉ង ចង់បានការរួមភេទជាមួយនាង ជាកូនជាច្រើនដង។នារីរងគ្រោះបន្តថា នៅក្នុងឆ្នាំ២០១៤ នាងមិនចាំថ្ងៃ.ខែ វេលាពេលយប់ម៉ោងប្រហែល ១៩និង០០នាទី នាងនៅលើផ្ទះ ជុំជាមួយឪពុក។ ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិ ជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាព គំរាមបង្ខំ សម្រាតសម្លៀកបំពាក់ របស់នាង ហើយរួមភេទជាមួយនាងសម្រេច០១លើក ចំណុចលើផ្ទះ រួចគំរាមមិនឲ្យនាងប្រាប់ម្ដាយ ឬអ្នកណាឡើយ។ ជាបន្តបន្ទាប់ ក្រោយៗមកទៀត ឪពុករបស់នាង តែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួមភេទ ជាមួយរូបនាងជាច្រើនលើក រហូតក្នុងខែតុលាឆ្នាំ២០២០ឪពុកបានចាប់រំលោភម្ដងទៀត។នាងបានបន្តទៀតថា នៅថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ដោយមានការភ័យខ្លាច ទើបនាងសម្រេចចិត្ត ប្រាប់រឿងដល់ម្ដាយ និងតេទូរស័ព្ទប្រាប់បងប្រុស ជាកូនម្ដាយជាមួយ តែឪពុកមុន ដែលរស់នៅធ្វើការប្រទេសថៃ ពេលនោះម្ដាយនិងឪពុក សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញ ពីផ្ទះទៅរស់នៅផ្ទះពូ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប និងបានមកដាក់ពាក្យបណ្ដឹង នៅអធិការនគបាល ស្រុកពួក នៅថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបង្កើត ឈ្មោះទិត្យ ភាព បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពរួមភេទ ទៅលើកូនស្រីបង្កើត សម្រេចបានចំនួនពីរលើកពិតមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕សរ