សៀមរាប៖យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងក្រុមការងារ បាននាំយកពូជបន្លែចំនួន១៨០កញ្ចប់ រួមមាន ៖ ពូជត្រប់វែង , ពោត , ស្ពៃចង្កឺះ និងសណ្តែកកួរ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាកសិករចំនួន១៨០គ្រួសារមកពីឃុំទាំង៤ក្នុងស្រុកអង្គរធំ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃ គឺដើម្បីជំរុញការដាំដុះនិងស្តារឡើងវិញនូវដំនាំបន្លែ”ជាលក្ខណៈគ្រួសារ សម្រាប់ហូបផង និងនាំទៅកាន់ទីផ្សារផងដែរ ដែលវាជាឱកាសក្នុងការជួយបង្កើតការងារ និងបង្កើនជីវភាពប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវាបានជួយផ្តល់អត្ថប្រយោជន៍និងផ្តល់ផលចំណេញទាំងថវិកា និង សុខភាព ព្រោះយើងដាំនិងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមី ឬបន្លែនាំចូលពីក្រៅឡើយ ។ លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងនៅក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេសផងនោះ ប្រជាកសិករដែលនិយមការដាំដំណាំបន្លែ គួរតែនាំគ្នាចងក្រងបង្កើតជាក្រុមសាមគ្គីដាំបន្លែ តាមរយៈការពន្យល់ណែនាំពីមន្ត្រីកសិកម្ម លើជំនាញការដាំដុះ និងការវេចខ្ចប់ស្របតាមលក្ខណៈបច្ចេកទេស ពិសេសការប្រើប្រាស់ថ្នាំនិងជីគីមី ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ និង ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើមី្បការពារអាយុជីវិតខ្លួនឯងផង ក្រុមគ្រួសារផង និង សហគមន៍យើងផង ៕ដោយ៖នាគរាជ