Saturday, November 2, 2024
Header Banner

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប អះអាងថា សត្វគោងាប់ជាង៣០ក្បាលនៅក្នុងស្រុកស្រីស្នំគឺសង្ស័យដោយសារជំងឺអុតក្ដាម

ខេត្តសៀមរាប៖ ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប គឺលោក ព្រំ វ៉ិច បានប្រាប់អ្នកកាសែតថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន មានសត្វគោ-ក្របី សរុប ចំនួន៧០៥ ក្បាល មានជំងឺដោយរោគសញ្ញា ៖ ឈឺក្រចក , ហើមពោះ , ហើមមុខ និង ឈឺមាត់ ក្នុងនោះងាប់អស់ចំនួន៣៤ក្បាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ព្រឹកមិញនេះ លោកបានចាត់ចែងមន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរស្រុក ឃុំ និង ពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបានឈឺ និង ស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និង ងាប់នេះ គឺសង្ស័យដោយសារជំងឺអុតក្ដាម ។ លោកមានប្រសាសន៍ទៀតថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺ៖ ដោយសារមានបញ្ហាជំនន់ទឹកភ្លៀងនោះមកធ្វើឲ្យចំណីគោក្របី ដូចជាស្មៅមានការលិចទឹក ក្រោយមកក៏ទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឲ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹងធ្វើឲ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្រ្តីជំនាញយើងបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថាជាជំងឺ អ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះមិនបណ្ដាលឲ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឲ្យមិមដោះមេអត់កើត ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែមធ្វើឲ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី ។ លោក ព្រំ វ៉ិច មានប្រសាសន៍បន្ថែមថា ជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និង បសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ប្រជាពលរដ្ឋយើងនៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វ ។ លោក ព្រំ វ៉ិច មានប្រសាសន៍បន្ថែមទៀតថា ដោយឡែកចំពោះស្ថានភាពជំងឺសត្វគោ-ក្របី នៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀតនោះ គឺពុំមានលក្ខណៈដែលគួរឲ្យចាប់អារម្មណ៍ ឬធ្ងន់ធ្ងរនោះឡើយ តែទោះជាយ៉ាងនេះក្ដី មន្ត្រីជំនាញរបស់យើង នៅតែធ្វើការតាមដានដោយយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម