បន្ទាយមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា អ្នកទោសដែលជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ចំនួន ១,៦៣១នាក់ ដែលត្រូវជម្លៀសចេញពីពន្ធនាគារខេត្ត យកទៅដាក់ពន្ធនាគារក្នុងខេត្តចំនួន ដោយសារទឹកជំនន់ ត្រូវបញ្ជូនត្រឡប់ចូលក្នុងពន្ទនាគារវិញហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតក្នុងទីតាំងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការ ចូលរួមពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមដោយកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលជាច្រើននាក់ទៀត។
លោក អ៊ុង ស៊ុផាន ប្រធានពន្ធនាគាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកទោសដែលជាប់ឃុំឃាំងមានចំនួន ១,៦៣១នាក់ ត្រូវជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ យកទៅដាក់ ពន្ធនាគារខេត្តចំនួន០៤ រួមមាន៖ *ទី១៖ ខេត្តឧត្តរមានជ័យ ចំនួន២០០នាក់ *ទី២៖ ខេត្តសៀមរាប ចំនួន៨៥៥នាក់ *ទី៣៖ ខេត្តកំពង់ធំ ចំនួន២០០នាក់ *ទី៤៖ មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ចំនួន៣៧៩នាក់ សរុប ១,៦៣១នាក់។ លោក អ៊ុង ស៊ីផាន បានបញ្ជាក់ថា ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ធយទោសលើកលែងទោសក្នុង១ឆ្នាំ មានចំនួន៣លើក៕ដោយ៖ក្រវ៉ាន់