ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ដើម្បីអនុម័តរបៀបវារៈមួយចំនួន ដែលកិច្ចប្រជុំនេះក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥២រូប។
នៅក្នុងរបៀបវារៈ ដែលត្រូវលើកយកមកអនុម័តនោះចំនួន៦ ក្នុងក៏មាន “សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម” ផងដែរ ហើយត្រូវបានអង្គប្រជុំព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។លទ្ធផលពីកិច្ចប្រជុំបានឲ្យដឹងថា “សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម” នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ខ្សែព្រំដែនមិនកែប្រែរឹងមាំយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែនសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នេះគឺជាជោគជ័យនៃការអនុវត្តជាក់ស្តែងនូវនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រប្រទេសជាតិកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នេះ តាក់តែងឡើងមាន០៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានការពារសេចក្តីព្រាងច្បាប់នេះផងដែរ៕ដោយ៖ថាវរី