Wednesday, September 17, 2025
Header Banner

ក្រុមអ្នកគាំទ្រលោក ត្រាំ គ្រោងធ្វើបាតុកម្មម្តងទៀត ដើម្បីគាំទ្រការអះអាងរបស់លោក ជុំវិញការលួចបន្លំសន្លឹកឆ្នោត

អន្តរជាតិ៖យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមអ្នកគាំទ្រប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដឹកនាំការធ្វើបាតុកម្មតវ៉ាមួយ នៅថ្ងៃសៅរ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីបង្ហាញការគាំទ្រ ចំពោះការអះអាងរបស់លោក ត្រាំ ដែលថាមានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ មកទល់នឹងពេលនេះលោក ដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិនឡើយ ហើយក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ក៏បានដាក់ពាក្យបណ្ដឹង ជំទាស់នឹងលទ្ធផលបោះឆ្នោតតាមផ្លួវច្បាប់ផងដែរ។ ប៉ុន្តែ អ្នកឃ្លាំមើលជាច្រើនយល់ថា វានឹងមិនធ្វើឱ្យប្រែប្រួលដល់លទ្ធផលបោះឆ្នោតបច្ចុប្បន្ន ដែលបង្ហាញថាលោក ត្រាំ ចាញ់ លោក បៃដិន ខណៈក្រុមមន្ត្រីកិច្ចការបោះឆ្នោតអាមេរិក ក៏បានបញ្ជាក់ហើយដែរថាគ្មានការលួចបន្លំសន្លឹកឆ្នោត ដូចការអះអាងរបស់លោក ត្រាំ នោះទេ។ ក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ត្រូវបានគេរំពឹងថានឹងនាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅតាមទីក្រុងដទៃទៀត ក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ។ ក្រុមអ្នក រៀបចំបាតុកម្មតវ៉ា បានដាក់ឈ្មោះជាច្រើនឱ្យបាតុកម្មនេះ ក្នុងនោះរួមមាន MAGA, បាតុកម្មដើម្បីត្រាំ និងបញ្ឈប់ការលួចសន្លឹកឆ្នោតជាដើម។ MAGA គឺជាពាក្យស្លោកដែលលោក ត្រាំ តែងតែបង្ហោះលើ Twitter ជារឿយៗដោយមានឃ្លាពេញជាភាសាអង់គ្លេសថា «Make America Great Again» ឬ «ធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត»។ គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានព្យាករណ៍ថា ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានឈ្នះសំឡេងប្រតិភូ ៣០៦ ទល់នឹង២៣២ ដែលលោក ដូណាល់ ត្រាំ ទទួលបាន ខណៈអង្គប្រតិភូបោះឆ្នោតសរុបមាន៥៣៨រូប។ លោក បៃដិន បានពង្រឹងជ័យជម្នះរបស់លោកបន្ថែមទៀតលើលោក ត្រាំ បន្ទាប់ពីទទួលបានជ័យជម្នះ នៅក្នុងរដ្ឋដែលតែងតែគាំទ្រគណបក្សសាធារណរដ្ឋ នោះគឺរដ្ឋចរជា (Georgia)។ សំឡេងប្រតិភូរបស់លោកលោក ត្រាំ កើនដល់២៣២ បន្ទាប់ពី ទទួលសំឡេងប្រតិភូ ១៥បន្ថែមទៀតពីរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina)។ យ៉ាងណាមិញ លោក បៃដិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រកាសជា ប្រធានាធិបតីជាប់ឆ្នោត តាំងតែពីលោកទទួលបានជ័យជម្នះ នៅក្នុងរដ្ឋភែនស៊ីលវេនៀ (Pennsylvania) មកម្ល៉េះ៕ដោយ៖នាយចក់

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម