សៀមរាប៖នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០នេះ មានការប្រជុំប្រចាំសប្តាហ៍និងប្រកាសផ្ទេភារកិច្ចដល់នគរបាលមួយចំនួន នៅក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងនគរបាលជាន់ខ្ពស់ជាច្រើនរូបចូលរួម។
ការប្រកាសផ្ទេរភារកិច្ចនេះ គឺមាន លោកវរសេនីយ៍ទោ ដា ចំរើន ដែលពីមុនជាអធិការរងទទួលផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការនគរបាលក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯកណុប សារ៉ាក់ អតីតអធិការនគរបាលក្រុងសៀមរាប ដែលត្រូវផ្ទេរភារកិច្ចទៅជាស្នងការរងនគរបាលខេត្តសៀមរាប។ ការប្រកាសផ្ទេភារកិច្ចនេះគឺយោងតាមការចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០កន្លងទៅនេះ។នៅក្នុងសេចក្ដីប្រកាសនោះមានការផ្លាស់ប្តូរភារកិច្ចនិងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលនៅក្នុងខេត្តសៀមរាប ប្រមាណជាជិត២០នាក់ផងដែរ។ ក្នុងឳកាសនោះថ្នាក់ដឹកនាំបានណែនាំឲ្យលោកអធិការក្រុងសៀមរាបនិងមន្ត្រីនគរបាលដែលទើបនឹងឡើងកាន់តំណែងត្រូវបន្តការងារទូទៅជូនដល់សង្គមជាតិឲ្យមានភាពល្អប្រសើរថែមទៀត៕នាគរាជ