ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ហាងឆេងដីនៅស្រុកបន្ទាយស្រី មានតម្លៃគួរជាទីចាប់អារម្មណ៍សម្រាប់អតិថិជន ទើបគេឃើញក្រុមឈ្មួញមួយចំនួនបានសម្រុកទិញដីពីអ្នកស្រុកដើម្បីបើកក្រុមហ៊ុនធ្វើផ្ទះល្វែងនិងពុះដីឡូតិ៍លក់ យ៉ាងគគ្រឹកគគ្រេង។ប៉ុន្តែជុំវិញករណីនេះ លោកឃឹម ហ្វីណង់ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះថា គំរោងក្រុមហ៊ុន ទាំងអស់ដែលមកពុះដីឡូតិ៍និងធ្វើផ្ទះល្វែងលក់ នៅស្រុកបន្ទាយស្រី នៅមិនទាន់មានច្បាប់ទម្លាប់នៅឡើយ។
លោកអភិបាល ស្រុកបន្ទាយស្រី បានអះអាងទៀតថា គម្រោងដីឡូតិ៍និងផ្ទះល្វែង ចាប់តាំងពីលោកចូលកាន់តំណែង ជាអភិបាល ស្រុកបន្ទាយស្រី លោកនៅមិនទាន់អនុញ្ញាតឲ្យមានលិខិត សាងសង់ផ្ទះល្វែង និងការពុះដីឡូតិ៍សម្រាប់លក់នៅឡើយទេ។លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដីនៅស្រុកបន្ទាយស្រី ភាគច្រើន ជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លោកបន្ថែមថា តាមពិតអាជ្ញាធរស្រុកស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគក្នុងវិស័យដីធ្លីទាំងអស់ គួរត្រូវតែមានច្បាប់ តែបើគ្មានច្បាប់គឺយើងបារម្មណ៍ខ្លាចមកបោកប្រាស់និងពួកគាត់ពុះលក់តែមូយឈុលមិនបញ្ចប់គំរោង វាបង្កឲ្យមានហានិភ័យ។លោកបន្ថែមថា កន្លងមករដ្ឋបាលស្រុក បានធ្វើកិច្ចការនេះជាច្រើនលើកមកហើយ ដូចជា៖១ជូនដំណឹងជារួមថាដីឡូតិ៍នៅក្នុងស្រុកបន្ទាយស្រី នេះគឺអត់ទាន់មានច្បាប់នោះទេ ដូច្នេះឲ្យបងប្អូនប្រុងប្រយ័ត្ន។ទី២ រហូតមកដល់ពេលនេះយើងហាមមិនឲ្យមានការផ្ទេរកម្មសិទ្ធិ។ទី៣ មិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយលក់ដីឡូតិ៍ និងផ្ទះល្វែង ជាទូលំទូលាយនោះទេ។លោកបន្ថែមថា កន្លងមករដ្ឋបាលស្រុក បានសម្រួលការងារមួយចំនួន ដែលកុំឲ្យពួកគាត់រង់ចាំច្បាប់យូរគឺក្រុមហ៊ុននោះអាចធ្វើផ្លូវក្នុងដីឡូតិ៍ និងសាងសង់ផ្ទះល្វែងក្នុងដីរបស់ពួកគាត់ គឺច្បាប់មិនហាមឃាត់នោះទេ។តែអាជ្ញាធរស្រុកមិនឲ្យផ្សព្វផ្សាយលក់នោះទេ ដោយសូមឲ្យពួកគាត់រត់ច្បាប់ឲ្យបានត្រឹមត្រូវសិន។លោកបញ្ជាក់ទៀតថា នៅក្នុងស្រុកបន្ទាយស្រី ក៏មានក្រុមហ៊ុនមួយមានច្បាប់ដែរ តែគេនៅមិនទាន់មានគំរោងលក់នៅឡើយ។ យ៉ាងនេះក្តីនាពេលថ្មីៗនេះ គេឃើញក្រុមហ៊ុនពុះដីឡូត៍ជាច្រើន បានប្រកាសបើកសម្ភោធគម្រោងរបស់ខ្លួន និងដាក់ស្លាកលក់ជាបន្តបន្ទាប់។ ប៉ុន្តែហាក់មិនឃើញមានការហាមឃាត់ ដោយអាជ្ញាធរស្រុកនេះឡើយ។ ករណីហានិភ័យ សម្រាប់ពលរដ្ឋ នៅតែមានកម្រិតខ្ពស់ ហើយជម្លោះដីធ្លី អាចគ្មានទីបញ្ចប់។ ដូច្នេះសូមអតិថិជន ទាំងអស់ដែលមានបំណងទិញដីឡូតិ៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី សូមមានការប្រុងប្រយ័ត្ន ចៀសវាង ការខាតបង់ ពេលវេលានិងថវិកា ដោយប្រការណាមួយនោះ។ សូមរំលឹកថា កាលពីកន្លងទៅអាជ្ញាធរស្រុកបន្ទាយស្រី បានបើកយុទ្ធនាការ ចុះរុះរើស្លាកយីហោដីឡូតិ៍និងផ្ទះល្វែង នៅក្នុងមូលដ្ឋានរបស់ខ្លួនចោល ទាំងអស់។ ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូតិ៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរនិង មន្ទីរពាក់ព័ន្ធនៅឡើយទេ៕ដោយ៖នាគរាជ