សៀមរាប៖លោកឧត្តមសេនីយ៍ត្រី គាត ប៊ុន ថាន ប្រធានអង្គភាព នគរបាល ការពារបេតិកភណ្ឌប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ខែវិច្ឆិកានេះថា កាលពីថ្ងៃសៅរ៍ ៦កេីត ខែមិគសិរ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទីព្រឹក កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ។បុគ្គលឈ្មោះជួន ជឿន នោះបានកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន។លោកបន្ថែមថា បុគ្គលខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅទស្សនាប្រសាទបន្តទៀត។លោកឧត្តមសេនីយ៍ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ដើម្បីជាគំរូល្អសម្រាប់ភ្ញៀវទេសចរគួរកុំធ្វើតម្រាប់តាមបុគ្គលខាងលើនេះ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់រូបចម្លាក់។លោកបន្ថែមទៀតថា មុននឹងចូលទស្សនាតំបន់រមណីដ្ឋានអង្គរ សូមបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលទៅមើល(ក្រមប្រតិបត្តិអង្គរ)ដើម្បីបានដឹងពីព័ត៌មានច្បាស់បន្ថែម៕ដោយ៖នាគរាជ