សៀមរាប៖នៅព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកអង្គប្រជុំ ជាមួយការិយាល័យជំនាញទាំងបី និងអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីពង្រឹងបន្ថែមរាល់ការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងក្នុងក្រុងសៀមរាប។
ក្នុងនោះផងដែរលោកស្នងការរង ក៏បានថ្លែងអំណរអរគុណ ចំពោះកម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ជានាយការិយាល័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលបានសហការគ្នាធ្វើការបង្ក្រាបបានមុខសញ្ញាលួចកាច់សោរកម៉ូតូ ចំនួន០១នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ។ជាការពិតណាស់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងប្រឹងប្រែងធ្វើការស្រាវជ្រាវបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាននៃខេត្តសៀមរាប សំដៅធ្វើយ៉ាងណាឲ្យពលរដ្ឋមានការកក់ក្តៅបន្ថែមទៀតផងដែរ៕ដោយៈនាគរាជ