សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៤ខែវិច្ឆិកានេះថា ស្រ្តី៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសត្វត្រចៀកកាំខុសច្បាប់ នៅផ្សារលើធំថ្មី ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបាន មន្ត្រីជំនាញ សម្រេចផាកពិន័យអន្តរកាល ទៅតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចក៏បានដុតបំផ្លាញចោល សត្វត្រចៀកកាំ បោចរោមរួច សរុប ២៥០ ក្បាលផងដែរ ។ សមត្ថកិច្ចបន្តថា ស្ត្រីសង្ស័យទាំង៣ នាក់នេះ មាន ឈ្មោះ រៀម ស៊ីណាត អាយុ ៣៣ ឆ្នាំ ស្ត្រីឈ្មោះ សុខ ស្រីនាថ អាយុ ៣០ ឆ្នាំ ស្ត្រីម្នាក់ទៀតឈ្មោះ ម៉ន សាវឿន អាយុ ២៩ ឆ្នាំ ។ជនសង្ស័យ បានប្រាប់មន្ត្រីជំនាញថា សត្វត្រចៀកកាំទាំងនោះគឺពួកគេបានទិញពីពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលពួកគេខ្លះបានប្រើលប់ ខ្លះប្រើមង រាយប៉ប្រះលើផ្ទៃទឹក ដើម្បីចាប់វា ។ សមត្ថកិច្ចបន្តឲ្យដឹងថា៖កម្លាំងមន្ត្រីជំនាញ នឹងបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចុះ បង្ក្រាបករណីរាយមង ឬសំណាញ់ចាប់សត្វត្រចៀកកាំ ទៅដល់មូលដ្ឋានតែម្ដង។ បើមិនដូច្នោះទេ សត្វត្រចៀកកាំ នឹងឈានទៅផុតពូជ មិនខាន»។ សេចក្តីរាយការណ៍បានឲ្យដឹងថា មានកន្លែងចិញ្ចឹមសត្វត្រចៀកកាំជាច្រើនកន្លែងនៅក្នុងខេត្តសៀមរាប ហើយគែមិនដឹងថា ទីតាំងទាំងនោះមានច្បាប់ទម្លាប់ដែររឺយ៉ាងណានោះទេ៕នាគរាជ