សៀមរាប៖បើតាមលិខិតបំភ្លឺរបស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នា២០២០នេះថា មន្ទីរព័ត៌មានខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន ជាពិសេសគ្រួសារអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២០ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ ព្រះអាទិត្យថ្មីរះលើដីចាស់ ដែលមានម្ចាស់ឈ្មោះ ហ៊ាង លីហាក់ បានបង្ហោះផ្សាយព័ត៌មានបែបប្រឌិត បំផ្លើសផ្ទុយពីការពិត ដែលមានលក្ខណៈញុះញង់ មួលបង្កាច់ មន្ទីរព័ត៌មានខេត្តសៀមរាប ធ្វើឱ្យប៉ះពាល់កិត្តិយសដល់ស្ថាប័នសាធារណៈរបស់រដ្ឋដែល កំពុងបំពេញការងារបម្រើឱ្យវិស័យព័ត៌មាន ។ គណនេយ្យខាងលើ បានបង្ហោះវាយប្រហារដោយប្រើពាក្យពេចន៍ មួលបង្កាច់ ក្នុងសំណេរដើម ថា “ នៅខេត្តសៀមរាប បើអ្នកសារព័ត៌មានយើងចង់ចុះផ្សាយពាក់ព័ន្ធ នឹងករណីបទល្មើសព្រៃឈើ ត្រូវ សួរទៅកាន់ខាងមន្ទីរព័ត៌មានខេត្តសិនទើបផ្សាយបាន ” សំណេរនេះខុសពីការពិតទាំងស្រុង ។ សូម បញ្ជាក់ជូនថា មន្ទីរព័ត៌មានខេត្តសៀមរាប មិនធ្លាប់មានចេញសារ ឬលិខិតបទដ្ឋានណាមួយតម្រូវឱ្យ មានការឆ្លងកាត់ ឬត្រួតពិនិត្យមុន រាល់ការចេញផ្សាយអត្ថបទព័ត៌មានគ្រប់ប្រភេទ របស់អង្គភាពសារ ព័ត៌មាននិង សាធារណជនឡើយ ។ ផ្ទុយមកវិញ មន្ទីរព័ត៌មានខេត្ត អនុវត្តបានយ៉ាងខ្ជាប់ខ្ជួនស្រប តាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋាននានារបស់ក្រសួង ព័ត៌មាន ។ ក្នុងករណីនេះ មន្ទីរព័ត៌មានខេត្ត តម្រូវឱ្យបុគ្គលឈ្មោះ ហ៊ាង លីហាក់ ធ្វើការកែតម្រូវអត្ថបទក្នុង គណនេយ្យរបស់ខ្លួន និងសុំទោសជាសារធារណៈ ជាលាយលក្ខណ៍អក្សរ ដោយទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បើពុំដូចនោះទេ មន្ទីរព័ត៌មានខេត្ត និងចាត់វិធានការទៅតាមនីតិវិធី ច្បាប់ ។ អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន និង សាធារណជនមេត្តាជ្រាប។ បើតាមក្រុមអ្នកសារព័ត៌មាននៅខេត្តសៀមរាប បានលើកឡើងថា ចំពោះករណីដែលថា ខាងមន្ទីរព័ត៌មានខេត្តសៀមរាប ដូចជាមិនមានការបំបិទសិទ្ធិអ្នកសារព័ត៌មាន នោះទេ គឺមានតែជួយជ្រោមជ្រែងដល់អ្នកសារព័ត៌មានដូចជាបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ជាដើម៕ដោយ៖នាគរាជ