***មិនរៀងចាលមែន ធ្លាប់ជាប់គុក១០ឆ្នាំចេញមកវិញលួចដដែល!
សៀមរាប៖ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យជាសន្តិសុខឯកជនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន បន្ទាប់ពីជននេះបានលួចកាច់សោរម៉ូតូបម្រុងលួចតែមិនបានសម្រេច។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ លោកបន្តថា ដោយមានការដឹកនាំបញ្ជារដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរធំ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទី ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខ ទីលំនៅបច្ចុប្បន្នភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួចមានស្ងានទម្ងន់ទោស(កាច់សោរកម៉ូតូមិនបានសម្រេច) កើតហេតុកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។លោកបន្ថែមថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ជាង ជនរងគ្រោះបានបណ្តើរម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១L.២២២៣ ជាកម្មសិទ្ធរបស់ជនរងគ្រោះទុកនៅក្រោមផ្ទះ ដោយបានចាក់សោរក មិនបានចាក់សោរជន្ទល់ទេ ដាក់ជន្ទល់ចំហៀង រួចក៏ប្រពន្ធកូនឡើងដេកនៅលើផ្ទះលង់លក់ រហូតដល់វេលាម៉ោងថ្ងៃខែកើតហេតុខាងលើ ស្រាប់តែលឺសម្លេងប្រពន្ធស្រែកថា”ចោរៗ” ក៏ងើបឡើងស្ទះចុះពីលើផ្ទះរត់រកប្រពន្ធ ឃើញម៉ូតូបញ្ឈរនៅមុខផ្ទះចម្ងាយប្រហែល០៥ម៉ែត្រ ក៏យកទូរស័ព្ទពីដៃប្រពន្ធបើកភ្លើងពិលដើរឈួលរហូតដល់ថ្នល់កៅស៊ូក៏ត្រឡប់មកផ្ទះវិញយកពិល ដើរចេញឈួលទៅក្រៅតាមផ្លូវមុខផ្ទះចម្ងាយប្រហែល០៥ម៉ែត្រពីកន្លែងដែលចោរអូសម៉ូតូខាងលើបម្រុងលួច ក៏ឃើញទូរស័ព្ទ០១គ្រឿងម៉ាកណូគា១២៨០(ចុចពិល) មានស៊ីមលេខ០៩៧ ២៩៦២១៩៤ ពណ៌ខ្មៅ និងខ្សែសាកថ្មទូរស័ព្ទជ្រុះក្បែរកន្លែងដែលចោរអូសម៉ូតូបម្រុងលួច។ លុះព្រឹកឡើងជនរងគ្រោះបានមកប្តឹងរាយការណ៍ឲ្យសមត្ថកិច្ចបានដឹង។លោកបន្ថែមទៀតថា ជាក់ស្តែងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរធំ ស្រាវជ្រាវតាមរយៈទូរស័ព្ទ លេខដែលជនរងគ្រោះរើសបានប្រគល់ជូនសមត្ថកិច្ច ក្រោយពីសមត្ថកិច្ចកំណត់មុខសញ្ញាបាន។លោកបន្តថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន បន្តយកបានមុខសញ្ញាសង្ស័យឈ្មោះ ទី ណាក់ ខាងលើ។ ក្រោយពីបានធ្វើការសាកសួររួចឈ្មោះ ទី ណាក់ បានឆ្លើយសារភាពថា ទូរស័ព្ទម៉ាកណូគា១២៨០(ចុចពិល)មានស៊ីមលេខ០៩៧ ២៩៦២១៩៤ ពណ៌ខ្មៅ និងខ្សែសាកទូរស័ព្ទ ពិតជារបស់គេពិតមែន ប៉ុន្តែគេឆ្លើយបដិសេធថាពុំបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើនោះទេ។លោកបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទី ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខ ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប រយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥ ពីបទលួចមានស្ងានទម្ងន់ទោស។ នៅថ្ងៃទី២៦ខែវិច្ឆិកា ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖នាគរាជ