ខេត្តសៀមរាប៖រថយន្តចំនួន៣គ្រឿង បានបុកបន្តកន្ទុយគ្នា នៅស្រុកសូទ្រនិគម បណ្តាលឲ្យរបួសធ្ងន់(បាក់ជើងម្នាក់)ស្រាលម្នាក់។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសាររថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2C.7374 បើកបរដោយឈ្មោះសន ដា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅ ភូមិលេខ០៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកបុករថយន្តម៉ាកបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH.9870 ដែលបើកបរដោយ ឈ្មោះស្រី មាន ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅភូមិឬស្សីត្រាចឃុំឬស្សីត្រាច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ក្នុងទិសដៅផ្ទុយគ្នា) ហើយក៏មានរថយន្តម៉ាសាំយ៉ុង ពណ៌លឿង គ្មានស្លាកលេខ បើកបរ ដោយមានឈ្មោះហ៊ីន លឹម ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិពាមកោះស្នា ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បុកពីក្រោយ រថយន្តម៉ាកបាឡែន បណ្ដាលឲ្យរបួសមនុស្ស០២នាក់(ធ្ងន់ម្នាក់ ស្រាលម្នាក់)។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទី១មាន ឈ្មោះម៉ែន សារុំ ភេទស្រី អាយុ៧០ឆ្នាំ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល(របួសធ្ងន់) ជាអ្នករួមដំណើរ ជាមួយរថយន្តហាយលែនឌ័រ។ ទី២ឈ្មោះស្រី មាន ភេទស្រី អាយុ៤៤ឆ្នាំ (របួសស្រាល) ជាអ្នកបើកបររថយន្តម៉ាកបាឡែន។ សូមបញ្ជាក់ថាអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នរថយន្តទាំងនេះត្រូវបានកម្លាំងនគរបាលស្រុកសូទ្រនិគម អូសយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖នាគរាជ