សៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នា ធ្វើការតាមចាប់ខ្លួនបានដោយជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណីនៅក្នុងខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីស្ត្រីម្នាក់ កាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២០កន្លងទៅ ដោយសារស្តី្ររូបនេះ បានឃើញបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ដែលធ្លាប់ចូលកន្លែងខ្លួនធ្វើការ នៅចំណុច ហាងពន្លឺអង្គរ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ហើយបានបន្លំលួចយកទូរសព្ទ័ខ្លួន ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប និងកម្លាំងត្រៀមអន្តរាគមន៍ ដឹកនាំដោយលោក វរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះដល់កន្លែងដែលស្រ្តីរូបនោះបានរាយការណ៍ នឹងបាននាំបុរសសង្ស័យខាងលើមកធ្វើការសាកសួរ។ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយា ល័យព្រហ្មទណ្ឌស្រាល ធ្វើការសាកសួរ និងស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ វ៉ាង វន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានជាប់ពាក់ព័ន្ធនឹងករណីអំពើលួច (ទូរសព្ទដៃ និងប្រាក់) និងអំពើលួច (ម៉ូតូ) ព្រមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០/២០១៦ ចុះថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៦ ចេញដោយលោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តសៀមរាប ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៤ នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ។សមត្ថកិច្ចបន្ថែមថា វត្ថុតាងដកហូតបាន ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ គឺមានស្នាមដាប់និងឈូសលេខតួ និងលេខម៉ាស៊ីន អស់ នៅលេខពីរខ្ទង់ខាងចុង នៅសល់ត្រឹមលេខលេខ ៥១៦៥៣។ ជាម៉ូតូដែលជនសង្ស័យ បានធ្វើសកម្មភាពលួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចខាងជើងស្ពានអង្គរ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ។
នៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០ នេះកម្លាំងនគរបាលក្រុងសៀមរាប ដោយទទួលបានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឲ្យឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖នាគរាជ