ភ្នំពេញ៖យោងតាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ បានសរសេរថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។ដោយមានសំណូមពរពីប្រជាជន យើងខ្ញុំ ព្រះករុណាខ្ញុំ សុំបន្ថែមគណនី៤ទៀត ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា ក្នុងនោះមាន ៖ 1-ធនាគារអេស៊ីលីដា គណនីប្រាក់រៀលគឺ 00010556999989, ប្រាក់ដុល្លារគឺ 00010556999999 , 2-ភ្នាក់ងារវីង (Wing) គណនីប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991 , 3-ធនាគារវឌ្ឍនះ គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7 និង 4-ធនាគារកាណាឌីយ៉ាគណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557 ។ សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន១លានដូស សម្រាប់ចាក់ជូន៥០ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុង ទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា កម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ ៕អរគុណសន្តិភាព..!