សៀមរាប៖កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប សហការជាមួយបងប្អូនប្រជាការពារសង្កាត់ជ្រាវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាជាងដែក ដោយជាប់ពាក់ពន្ធ័អំពើលួចម៉ូតូរបស់ពលរដ្ឋនៅក្នុងក្រុងសៀមរាប។
លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០២០នេះថា នៅក្នុងប្រតិបត្តិការនេះគឺដឹកនាំដោយលោកវរសេនីយ៍ទោដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងរូបលោកផ្ទាល់ដោយបានការសហការជាមួយនគរបាលប៉ុស្តិ៍ជ្រាវ និងប្រជាការពារ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតបានម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្កុបពីពណ៌ស(បិទស្គុតពណ៌ខៀវ) ស៊េរីឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប យកមកធ្វើការសួរនាំ។លោកបន្តថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា រូបគេមានឈ្មោះ សារ សារី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើតភូមិជុំនីក ឃុំជុំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចប្បន្ន ស្នាក់បន្ទប់ជួលមួយកន្លែងក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅចំណុច មុខការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។គ្រានោះគេបានយកទៅបិតស្គុតពណ៌ខៀវ និងដោះស្លាកលេខចេញដើម្បីបន្លំភ្នែកសមត្ថកិច្ចនិងអ្នកដទៃកុំឲ្យមើលស្គាល់ថាជាម៉ូតូដែលរូបគេបានធ្វើសកម្មភាពលួចបាន។
ម៉ូតូដែលដកហូតបានមកវិញខាងលើនេះពាក់ស្លាកលេខ សៀមរាប 1AH-3681 មានលេខតួនិងលេខម៉ាស៊ីន៨១៧១៥៥៨ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ភួត សុភ័ក្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាងពីដាន រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប។លោកបន្ថែមថា បន្ទាប់ពី បានរកឃើញមកវិញ និងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញរួចហើយ។
ចំណែកជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងផ្នែកព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖នាគរាជ