Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រង្វង់មូលដែលធំជាងគេនៅប្រទេសកម្ពុជា នឹងត្រូវបានប្រែមុខមាត់ថ្មីជាបណ្តើរៗ!

   សៀមរាប៖រង្វង់មូលដ៏ធំជាងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានទំហំប្រមាណជាង២ហិចតា​ កំពុងត្រូវបានអាជ្ញាធរស្រុកបន្ទាយស្រីរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតដើម្បីឲ្យមានភាពទាកទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

    ប្រសិនបើយើងធ្វើដំណើរពីទីរួមខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦៧ មានចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រ មកស្រុកបន្ទាយស្រី ពិតជាបានឃើញ​រង្វង់មូលនេះមានទីតាំងនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។រង្វង់មូលនេះមានផ្លូវឆ្ពោះទៅស្រុកអន្លង់វែង ,ទីរួមស្រុកបន្ទាយស្រី,ទៅស្រុកប្រាសាទបាគង ឆ្ពោះមករួមខេត្តនិងទៅខេត្តកំពង់ធំនិងឆ្ពោះទៅលើខ្នងភ្នំគូលែន។

   កន្លងទៅរង្វង់មូលនេះគឺជាកន្លែងជួយសង្គ្រោះជីវិតពលរដ្ឋនិងភ្ញៀវទេសចរណ៍ នៅគ្រាទឹកជំនន់នាឆ្នាំ២០១១​។ប៉ុន្តែរង្វង់មូលនេះក៏មានសភាពស្រងេះស្រងោច ខ្លោចផ្សាងាប់ស្មៅអស់ដោយគ្មានអ្នកថែរក្សានិងរងការរិះគន់ពីមហាជនមួយចំនួនផងដែរ។

   លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍នៅថ្ងៃទី១២​ខែធ្នូឆ្នាំ២០២០​នេះថា ជាការពិតណាស់រង្វង់មូលនៅស្រុកបន្ទាយស្រី ពិតជាធំជាងគេមែន ដែលមានទំហំប្រមាណជាង២ហិចតា។លោកអភិបាលស្រុកបន្តថា រង្វង់មូលនេះបានផ្តួចផ្តើមកសាងឡើងនៅអំឡុងឆ្នាំ២០១០ ដោយលោកស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។លោកបន្ថែមថា បច្ចុប្បន្នក្នុងនាមលោកជាអភិបាលស្រុក លោកមានគំរោងរៀបចំប្រព័ន្ធទឹក ព្រមទាំងដាំស្មៅនិងផ្កា ដើម្បីកែលម្អរទីនេះឲ្យមានសោភណ្ឌភាពកាន់តែទាក់ទាញសម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរណ៍មកទស្សនាលម្ហែកាយផងដែរ។លោកបន្ថែមថា ចំពោះគំរោងស្ថាបនារង្វង់មូលនេះ ក្រសួងទេសចរណ៍ក៏មានផែនការ ធ្វើឲ្យរង្វង់មូលមានការទាក់ទាញកាន់តែខ្លាំងថែមទៀតផងដែរ។

    គេសង្ឃឹមយ៉ាងមុតមាំថា រង្វង់មូលដ៏ធំជាងគេនៅប្រទេសកម្ពុជា នេះនឹងប្រែមុខមាត់ថ្មីនាពេលខាងមុខនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានមួយកម្រិតទៀតផងដែរ៕ដោយ៖នាគរាជ 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម