ស្វាយរៀង៖បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ ករណីក្មេងទំនើងបង្ហោះម៉ូតូ តាមផ្លូវជាតិលេខ១ យ៉ាងអនាធិបតេយ្យនោះកម្លាំងនគរបាលក្រុងស្វាយរៀង បានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកមុខសញ្ញាបានម្នាក់ជាម្ចាស់ម៉ូតូ និងត្រូវជាមិត្ដភក្ដិក្មេងទំនើង ដែលឲ្យគេខ្ចីជិះបានមួយចំនួនយកមកសួរនាំ។
នៅថ្ងៃទី១៤ ខែធ្នូនេះ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលបានឃាត់ខ្លួន ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានអាស័យដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ឈ្មោះ សោម ដារ៉ូ បានឲ្យម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ដែលមានផ្លាកលេខ ស្វាយរៀង 1N-3973 ឲ្យមិត្តភក្តិខ្ចី ដោយមិត្តភក្ដិរបស់គេប្រាប់ថា ខ្ចីទៅទិញស្រាតែការពិតពួកគេ យកទៅជិះបង្ហោះ នៅតាមដងផ្លូវសោះ។បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ស្វែងរកមុខសញ្ញាក្មេងទំនើង ដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ១នោះបន្ដទៀត ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។សូមជម្រាបថា ក្រុមក្មេងទំនើងជាច្រើននាក់ បាននាំគ្នាបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ សង្កាត់ចេក ក្រុងស្វាយរៀង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង ចំពោះក្មេងទំនើងទាំងនោះ ដែលខ្លាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរ និងស្នើឲ្យសមត្ថកិច្ចចាប់ក្មេងទំនើងទាំងនោះ មកអប់រំ និងធ្វើកិច្ចសន្យា ឲ្យបានត្រឹមត្រូវ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានក្មេងទំនើងបង្ហោះម៉ូតូ លើផ្លូវជាតិលេខ១ ខាងមុខវិទ្យាល័យចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលមិនខ្លាចរអាសមត្ថកិច្ចបន្តិចសោះ ប្រសេចប្រសាចតាមផ្លូវដូចត្រីចង្វាត្រូវភ្លៀង។
ពាក់ព័ន្ធទៅនឹងករណី ក្មេងទំនើងបង្ហោះម៉ូតូនេះដែរ ពលរដ្ឋបានស្នើដល់សមត្ថកិច្ចក្រុងស្វាយរៀង ស្រាវជ្រាវចាប់ក្រុមក្មេងទំនើងទាំងនេះ មកអប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដ៏ទៃ៕ដោយ៖បាវិត