សៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី១៥ខែធ្នូនេះថា ផ្ទៃដីចំនួន ៥១ហិកតា នៅភូមិទួលគ្រួស ឃុំឃុនរាម ត្រូវបានរៀបចំបើកការដ្ឋានបោសសម្អាតគ្រាប់មីន តាមសំណើររបស់បងប្អូនប្រជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយក្រុមការងារផែនការសកម្មភាពមីនខេត្តសៀមរាប(MAPU) និងស្ថិតក្រោមកិច្ចសហការគាំទ្រពីសំណាក់អាជ្ញាធរមីនកម្ពុជា(CMAA) អង្គការដោះមីនកម្ពុជា និងរដ្ឋបាលស្រុកបន្ទាយស្រី។
តំបន់ដែលរងហានិភ័យពីគ្រាប់មីន រឺគ្រាប់មិនទាន់ផ្ទុះ តែងបង្កឱ្យមានភាពមន្ទិលសង្ស័យ និងការភ័យខ្លាច ព្រមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពប្រចាំថ្ងៃ និងការប្រើប្រាស់ដីធ្លីឱ្យអស់លទ្ធភាពរបស់អ្នកភូមិ ហើយក៏ជាឧបសគ្គធំដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ សង្ឃឹមថា នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ យើងនឹងអាចផ្លាស់ប្តូរមុខមាត់ថ្មីតំបន់អតីតសមរភូមិក្តៅទាំងនេះ ប្រែក្លាយទៅជាតំបន់លំនៅឋាន កសិកម្ម និងទេសចរណ៍ប្រកបដោយសក្តានុពលវិញម្តង និងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ដីស្រែចម្ការរបស់ពួកគាត់ប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តដូចតំបន់ដទៃទៀតនៅក្នុងស្រុកបន្ទាយស្រីដែរ៕ដោយ៖ពិសី