ភ្នំពេញ៖នៅថ្ងៃនេះ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន៤នាក់ថែមទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។អ្នកជាសះស្បើយទាំងនោះរួមមាន១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានស្វាមីធ្វើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ។២៖ កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ ដែលបានព្យាបាលជាសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ និងរបស់អ្នកជំងឺស្ត្រី អាយុ៣០ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។៣៖ បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំស្នាក់នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើដំណើរមកពីប្រទេសជប៉ុន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។៤៖ បុរសជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ អ្នកធ្វើដំណើរមកពីប្រទេសម៉ាលី មកដល់កម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ពាក់ព័ន្ធការធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វត្ថុសំណាកនៅសល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១៤៩សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំនួន៣៤៩០សំណាក សរុបចំនួន ៣៦៣៩សំណាក ដែលនៅក្នុងនោះចំនួន ២៩៦០សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកមាននៅសល់វត្ថុសំណាក ចំនួន៥៣០សំណាកទៀត ដែលត្រូវធ្វើការវិភាគបន្តថ្ងៃទី១៩ ខែធ្នូនេះ។
សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្ត្រី១៩នាក់ និងប្រុស ២២នាក់) ដែលក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៣០នាក់ (ស្ត្រី១២នាក់ និងប្រុស១៨នាក់)។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់ និង១៧នាក់កំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យ។សូមចូលរួមបន្តអនុវត្តន៍ការណែនាំរបស់ក្រសួងសុខាភិបាល អនាម័យជាប្រចាំ ដើម្បីសុវត្ថិភាពក្នុងគ្រួសារនិងសង្គមជាតិ៕ដោយ៖នាគរាជ