ភ្នំពេញ៖បើតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានឲ្យដឹងនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០នេះថា តម្លៃត្រីថ្លៃធ្វើប្រហុកនៅឆ្នាំនេះថ្លៃជាងឆ្នាំកន្លងទៅ គឺ១គីឡូក្រាមតម្លៃប្រមាណ៤ពាន់ ទៅ ៥ពាន់ រៀលដោយសារផលត្រីឆ្នាំនេះមានការថយចុះ។
នៅថ្ងៃទី២២ធ្នូម្សិលមិញនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានបង្ហាញថា បើទោះជាផលត្រីឆ្នាំនេះ មានការថយចុះក៏ដោយ ប៉ុន្តែការធ្វើត្រីប្រហុកមិនប៉ះពាល់ឡើយ។ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានបង្ហាញក្តីរំពឹងថា តម្លៃត្រីប្រហុក នឹង ធ្លាក់ចុះនៅពេលខាងមុខ ដោយសារត្រីត្រូវខ្លាំងក្នុង២-៣ថ្ងៃខាងមុខទៀត។
បើតាមម្ចាស់ដាយត្រីបានឲ្យដឹងថា« ថ្ងៃទី២២ជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិច គឺមានតម្លៃ ៥ ០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១០០០-១ ៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រ/គ.ក្រ»។បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះ អាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គ ស្ថិតក្នុងកម្រិតទាបហើយ បានអូសបន្លាយជាងមួយខែ។ បើយោងតាមសេចក្តីរាយការណ៍របស់មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា កម្រិតកម្ពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្ន មានកម្ពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថា នៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត។ តែទោះជាយ៉ាងណា តាមលក្ខណៈបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះ អាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។
តួលេខនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយៈការចិញ្ចឹមត្រីជាលក្ខណៈគ្រួសាររួមផ្សំផងដែរ៕ដោយ៖នារី