សៀមរាប៖ពលរដ្ឋចាស់ជរា និងទីទ័លក្រីក្រចំនួន៧២គ្រួសារដែលរស់នៅក្នុងឃុំកណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០នេះបានទទួលអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគបរិភោគ ពីអង្គការក្តីសុខសាន្តកម្ពុជា និងក្រុមជំនុំម៉ិនណូណៃ ។
លោក មាស ម៉ាដេស នាយកអង្គការក្តីសុខសាន្តកម្ពុជា បានមានប្រសាសន៍ថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនក៏ដូចជាការយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរនោះទើបអង្គការរបស់បានសហការជាមួយអាជ្ញាធរមូលដ្ឋានបាននាំយកអំណោយសប្បុរសធម៌មកចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានឃុំកណ្តែកស្រុកប្រាសាទបាគង ដែលជួបការលំបាកក្នុងពេលកូវីដ១៩ កំពុងរាតត្បាតជាសកលនេះដែរ ។លោកមាស ម៉ាដេស បន្តថា អំណោយជាស្បៀងអាហារដែលយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះគឺបានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជនរបស់អង្គការ ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ហើយក្នុងនោះដែរអង្គការក្តីសុខសាន្តកម្ពុជា បានបង្កើត មូលនិធិសប្បុរសធម៌ ក្នុងគោលបំណងសំដៅទៅរកការដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិង គ្រួសារចាស់ជរា ទីទ័លក្រីក្រ។ លោកប្រធានអង្គការ បានមានប្រសាសន៍បន្ថែមថា អង្គការរបស់លោកនឹងបន្តជួយជនក្រីក្រជាបន្តបន្ទាប់ ពេលដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត នឹងជួបទុក្ខលំបាកផ្សេងៗក្នុងរស់នៅប្រចាំថ្ងៃផងដែរ ។ ក្នុងឱកាសនោះដែរ លោក ខាំ លឿ ប្រធានគណបក្សប្រជាជនកម្ពុជាឃុំកណ្តែក ក៏បានមានក្នុងនាមអាជ្ញាធរឃុំ លោកពិតជាមានក្តីសោមនសរីករាយយ៉ាងក្រៃលែង ចំពោះអង្គការក្តីសុខសាន្តកម្ពុជា និងក្រុមជំនុំម៉ិនណូណៃ ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំកណ្តែកដែលជួបការលំបាកក្នុងពេលកូវីដ១៩កំពុងរាត ត្បាត។ លោកប្រធាន ក៏បានមានប្រសាសន៍នែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលអំណោយ ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋានឃុំកណ្តែកទាំងអស់ ត្រូវរក្សាអនាម័យបរិស្ថានក្នុងសហគមន៍ឱ្យបានល្អ ជាពិសេសក្នុងសម័យកូវីដ១៩នេះ សុំបន្តអនុវត្តវិធានអនាម័យឱ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបចុកស្អាត បរិស្ថានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគំលាតសង្គមឱ្យបានល្អ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍របស់យើងផងដែរ។
សូមបញ្ជាក់ថាអំណោយដែលប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រីក្រទទួលបាននាពេលនោះគឺ អង្ករចំនួន២៥គីឡូក្រាម . មី១៥កញ្ចប់ .ត្រីខ១យួរ.ទឹកត្រីទឺកស៊ីអ៊ីវ៦ដប.ប្រេងឆា១ដប.ស្កសរ១គីឡូក្រាម .អំបិល១គីឡូក្រាម និងទឹកសម្រាប់លាងភ្នែកចំនួន១ដបផងដែរ ៕ដោយ៖ពិសី