Saturday, April 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ទៀតហើយ…ផ្ទុះករណីឆ្លងកូវីដ-១៩ក្នុងពន្ធនាគារធំមួយនៅទីក្រុងសេអ៊ូល

អន្តរជាតិ៖បើសារព័ត៌មានCNA បានឲ្យដឹងនៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញ ករណីឆ្លង COVID-19 ក្នុងអត្រាខ្ពស់ ខណៈចង្កោមនៃការឆ្លងរាលដាល មានទាំងនៅក្នុងពន្ធនាគារ, មណ្ឌលថែទាំ, និងព្រះវិហារជាដើម បាននិងកំពុងបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាហេតុជំរុញឱ្យអាជ្ញាធរកូរ៉េខាងត្បូង ធ្វើការអំពាវនាវដល់ប្រជាជនរបស់ខ្លួន ឱ្យបញ្ឈប់ការជួបជុំគ្នាធំៗ នៅអំឡុងការឈប់សម្រាកឆ្លងឆ្នាំសកលខាងមុខនេះផងដែរ។

របាយការណ៍បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,១៣២ករណីបន្ថែមទៀតក្នុងរយៈពេលតែ១ថ្ងៃ ដែលធ្វើឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ៥៥,៩០២ករណី។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៧៨០ករណីបានរាយការណ៍ ចេញពីទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ដែលមានប្រជាជនរស់នៅប្រមាណ ២៦លាននាក់ និងជាទីដែលបុគ្គលិកសុខាភិបាល ទើបរកឃើញការឆ្លង COVID-19 ជាចង្កោមទ្រង់ទ្រាយក្នុងពន្ធនាគារដ៏ធំមួយនៅទីក្រុងសេអ៊ូល។ ករណីឆ្លងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏មានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យ, មណ្ឌលថែមទាំ, ព្រះវិហារ, ភោជនីយដ្ឋាន និងអង្គភាពយោធាផងដែរ។

ដោយឡែក ក្រៅពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ប្រទេសកូរ៉េខាងត្បូង ក៏បានកត់ត្រាចំនួនអ្នកស្លាប់ ២០នាក់ទៀតផងដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ៧៩៣នាក់ ខណៈចំនួនអ្នកជាសះស្បើយសរុបវិញ បានកើនឡើងដល់ ៣៨,៥៣២នាក់។

រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីកំណត់ថា តើត្រូវបង្កើនវិធានការ រក្សាគម្លាតសុវត្ថិភាពសង្គម ឲ្យដល់កំរិតខ្ពស់បំផុតទី ៣ ដែលអាចនឹងបិទអាជីវកម្ម ដែលមិនចាំបាច់រាប់រយរាប់ពាន់កន្លែង ដែរឬយ៉ាងណា។ ទោះជាយ៉ាងណា ក្រុមមន្រ្តីកូរ៉េខាងត្បូង បានប្រឆាំងនឹងវិធានការបែបនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយនិយាយថា វាអាចបណ្តាលឱ្យសេដ្ឋកិច្ចកាន់តែចុះខ្សោយបន្ថែមទៀត។

ករណីឆ្លងដោយចង្កោមដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ គឺនៅពន្ធនាគារមួយនៅភាគខាងកើតទីក្រុងសេអ៊ូល ជាទីដែលអ្នកទោស និងមន្ត្រីធ្វើការក្នុងនោះចំនួន ៥១៤នាក់បានឆ្លងជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ ដែលជំរុញឲ្យអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បើកការធ្វើតេស្តរក COVID-19 លើមនុស្សទាំងអស់នៅតំបន់នោះផងដែរ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម