ភ្នំពេញ៖ឈាមស្រែកស្បែកហៅ….ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់នាយរងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។សូមរម្លកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០នឹង១៥នាទី នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្មបាញ់សម្លាប់ ដែលបង្កដោយជនសង្ស័យចំនួន០២នាក់ បានប្រើអាវុធខ្លី១ដើម (មិនស្គាល់ម៉ាក) បាញ់ទៅលើជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ហៅញ៉ក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចជនបង្កទាំង០២ ក៏បានបើករថយន្តម៉ាក RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីមានហេតុការណ៍កើតទ្បើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យទាំង០២ខាងលើ។ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការណ៍ជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯកស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង យកមកនាយកដ្ឋាន ដើម្បីសាកសួរតាមនីតិវិធី ។បើតាមចម្លើយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង ពេលមកដល់កន្លែងកើតហេតុ ខ្លួនបានបើករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ បន្ទាប់មកជនរងគ្រោះបានបើករថយន្តកាក់រថយន្តខ្លួន នឹងបានយកអាវុធខ្លីភ្ជុងខ្លួនដើម្បីឲ្យអែបគៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហេស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើត ហេតុតែម្តង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ទៀតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕ដោយ៖ពិសី