កណ្តាល៖សមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើលោកផ្កាយ១យោធា ដែលយកកាំភ្លើងវាយសន្តិសុខបែកក្បាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ នោះហើយ។
សមត្ថកិច្ចបន្តថា យោធាផ្កាយ១ រូបនេះ ត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធគ្មានខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
អំពើហិង្សានេះ កើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី រសៀល ចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបន្ថែម ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង និង ជាមន្ត្រីយោធាពាក់ផ្កាយ១ ។
ជនរងគ្រោះ ទទួលរងនូវ ការរងរបួសបែកក្បាលផ្នែកខាងឆ្វេង លើត្រចៀក១កន្លែង និង ដេរអស់៣ថ្នេរ ។ វត្ថុតាងចាប់យក រួមមានអាវុធខ្លីមួយដើមម៉ាក CF98 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
សមត្ថកិច្ច បន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅ គ្លីនិក សុខ ម៉េង ។ នៅពេលយាមដល់ម៉ោងប្រហែល៥ទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថា «ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ» ជនរងគ្រោះឆ្លើយថា គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ។
ពេលនោះមនុស្សប្រុសម្នាក់នោះ បានខ្ចីលុយពីជនរងគ្រោះចំនួន៣ពាន់រៀល ហើយជនរងគ្រោះក៏ឲ្យលុយខ្ចីចំនួន៣ពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ ។
លុះដល់ម៉ោង៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិករបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជំងឺយកពាក់សិនទើបមិនរក ។
រហូតដល់ម៉ោង៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និង ហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។
បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខ ឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិក តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញ។រហូតដល់ម៉ោង១២រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិក មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិក ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះ មកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិកបាត់ទៅ ។
ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនិងដេរចំនួន៣ថ្នេរ។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ ដើម្បីលួចស្បែកជើងរបស់ខ្លួន ៕ដោយ៖ពិសី