Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បទល្មើសធនធានធម្មជាតិឆ្នាំ២០២០កើនឡើង បើប្រៀបធៀបឆ្នាំមុន

ភ្នំពេញ៖ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិនិងអង្គការដៃគូទាំងអស់ ដែលបានចូលរួមការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមក ជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានបទល្មើសដែលបង្ក្រាបបាននៅឆ្នាំ២០២០ មានកំណើនចំនួន៣៤៤២ករណី ឬកើនឡើងប្រមាណ៣០ភាគរយ។

នេះបើតាមការឲ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយបានបង្ហាញពីប្រសិទ្ធភាពកាន់តែខ្ពស់នៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង៦៨ កន្លែង ដែលស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា ពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង១២០០នាក់ នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន២៧.៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ២០១៩ មានចំនួន២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣.៥៤០ លើក។ ក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌បាមបង្ក្រាបបទល្មើសបានចំនួន៨.៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន៥.៤៧៥ ករណី គឺមានការកើនឡើងចំនួន៣.៤៤២ ករណី។ តាមការបញ្ជាក់ របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា “ការបង្ក្រាប និងទប់ស្កាត់បទល្មើសមានការកើនឡើង បានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ”។រដ្ឋលេខាធិការបន្តថា នៅឆ្នាំ២០២០ កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន៦០៥ ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន២៩៤៦ ករណី។ឯកឧត្តម បន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន៤.០០៤ គ្រឿង គឺមានការកើនឡើងប្រមាណ៥០០ គ្រឿង ខណៈនៅឆ្នាំ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន៣.៤៩៤ គ្រឿង។

ចំណែកអន្ទាក់ដែលត្រូវបានដោះបានចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ២០២០ មានចំនួន ៤៣.២៧០អន្ទាក់ គឺមានការកើនឡើងជិត៤០០០អន្ទាក់ ខណៈនៅឆ្នាំ២០១៩ កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិដោះបានចំនួន ៣៩.៣៨២ អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥ គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១ គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។

ឯកឧត្តម រដ្ឋលេខាធិការអះអាងថា ជាមួយប្រសិទ្ធភាព នៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូច ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតផងដែរ៕ដោយ៖នារី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម