Thursday, May 16, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អបអរសាទរ..ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

សៀមរាប៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណអធិបតីពីសំណាក់ឯកឧត្ដមអ្នកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា ព្រមទាំងអាជ្ញាធរជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានសម្រេចក្នុងរយៈពេលកន្លងមក ក្នុងការសម្របសម្របសម្រួលវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ ដែលប្រការនេះ គឺពិតជាបានជំរុញ ដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងតែរាតត្បាតនៅទូទាំងពិភពលោក អាជ្ញាធរខេត្តសៀមរាបបានធ្វើការជំរុញផលិតកម្មដំណាំស្រូវ និងបន្លែនៅតាមទីតាំង និងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងមានការជំរុញនូវផលិតកម្មសត្វ ដែលបានផលក្នុងរយៈពេល ខ្លី ដោយផ្តល់នូវពូជ ចំណី និងវ៉ាក់សាំង ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម ជាពិសេសបានជំរុញនូវផ្នែកវារីវប្បកម្ម ដែលឆាប់ទទួលបានផល ដោយធ្វើការគាំទ្រផ្តល់ពូជត្រី និងចំណីព្រមទាំង បច្ចេកទេសនៃការចិញ្ចឹមផងដែរ ។អាជ្ញាធរខេត្តសៀមរាប រំពឹងថា ក្រោយបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងកែលម្ពមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនេះ គឺពិតជាជួយជំរុញដល់កិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត លើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ខេត្តសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល ។លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ មានប្រសាសន៍ថា ៖ ឆ្នាំ២០១៩-២០២០ទោះបីស្ថិតក្នុងបញ្ហាប្រឈមជាមួយនឹងជំងឹកូវីដ-១៩ក៏ដោយ ក៏សភាពាណិជ្ជកម្មខេត្ត បានចូលរួមសកម្មភាពការងារសង្គមជាមួយអាជ្ញាធរដែនដីខេត្ត ស្ថាប័នរាជរដ្ឋាភិបាល ដៃគូឯកជននានានិងអ្នកវិនិយោគទុនជាច្រើនផងដែរ ហើយសង្ឃឹមថាក្រោយវិបត្តិកូវីដ-១៩ នឹងបន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម បានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ដើម្បីឱ្យសេដ្ឋកិច្ចខេត្តសៀមរាបមានភាពរស់រវើឡើងវិញ ហើយសភាពាណិជ្ជកម្មខេត្តក៍នឹងខិតខំបំពេញការងារបន្ថែមទៀតតាមរយៈជួយលើកស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនងជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុេជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយបានដំណើរការបោះឆ្នោតរៀងរាល់៣ឆ្នាំម្តង សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំការងារ ក្នុងអាណត្តិនីមួយៗ ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម