ខេត្តកំពង់ឆ្នាំង៖ កសិករម្នាក់ឈ្មោះ យិន ម៉េង ជាអ្នកដាំដំណាំល្ងនៅក្នុងចំការស្ថិតនៅភូមិស្ទឹងសណ្ដែក ឃុំកំពង់ ហៅ (ស្រុកកំពង់លែង) ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី14 ខែមីនា ឆ្នាំ2021 បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមេត្តាជួយទប់ស្កាត់ការនាំចូលកសិផលនានាពីប្រទេសជិតខាងដើម្បីទុកលទ្ធភាពឲ្យប្រជាកសិករនៅក្នុងស្រុក ដាំដុះដំណាំកសិកម្មនានាដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅបានល្អប្រសើរ។
កសិករខាងលើបានបន្តថា នៅក្នុងឆ្នាំនេះគាត់បានដាំល្ងក្នុងចំការប្រមាណ១សិន ដែលមានទំហំ 1600ម៉ែត្រការ៉េ ដំណាំនេះត្រូវដាំក្នុងរយៈពេល៣ខែទើបប្រមូលផល ។ ការដាំដើមល្ង១សិនដីនេះត្រូវចំណាយដើមទុនប្រមាណជាង 1លានរៀល ទៅលើការទិញប្រេងចាក់ម៉ាស៊ីនបូមទឹក និងទិញថ្នាំបាញ់សត្វល្អិត ។ ហើយពេលប្រមូលផលវិញបើល្ងល្អគឺអាចប្រមូលផលបានពី 300 ទៅ 400គីឡូក្រាម ។
ដោយឡែកចំពោះតម្លៃវិញនៅលើទីផ្សារក្នុងពេលនេះវិញ គឺល្ងមួយគីឡូក្រាមថ្លៃ5700 រៀល ចំណែកឆ្នាំមុនវិញតម្លៃល្ងក្នុងមួយគីឡូក្រាមថ្លៃពី4000 ទៅ 5000រៀល តែប៉ុណ្ណោះ។ ក្រៅពីដំណាំល្ងរូបគាត់ដាំសណ្ដែកបាយនៅលើដីជាងមួយសិនផងដែរ ដែលក្នុងឆ្នាំនេះសណ្ដែក បាយនៅទីផ្សារមួយគីឡូថ្លៃ 5000រៀល ។
កសិកររូបនេះដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងមួយរដូវ 1ៗ ប្រសិនបើដំណាំល្ង ឬសណ្ដែកមានតម្លៃខ្ពស់នៅទីផ្សារគឺគាត់អាចនៅសល់ប្រាក់ពី 1លាន ទៅ2លានរៀល ផងដែរ ប៉ុន្តែបើល្ងសណ្ដែកមានតម្លៃថោកវិញគឺមិននៅសល់ប្រាក់ឡើយ គឺបានត្រឹមតែគ្រប់ហូបចុកប៉ុណ្ណោះ។ ដូចនេះហើយរូបគាត់ក៏ដូចជាកសិករទាំងអស់សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធមេត្តាជួយទប់ស្កាត់កុំឲ្យកសិផលនានាចូលមកពីប្រទេសជិតខាងដើម្បីទុកលទ្ធភាពឲ្យប្រជាកសិករខ្មែរដាំដុះដំណាំកសិកម្មលក់ដូរបានតម្លៃសមរម្យនៅលើទីផ្សារ ។
ទាក់ទងនឹងការដាំដំណាំកសិកម្មនេះដែរលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាដើម្បីឲ្យការលក់ដូរកសិផលទទួលបានតម្លៃខ្ពស់ប្រជាកសិករយើងត្រូវចេះជ្រើសរើសដំណាំ ទៅតាមរដូវកាលដែលដែលមានហាងឆេងនៅលើទីផ្សារ និងដាំដុះឱ្យទាន់រដូវកាលទើបយើងអាចរកចំណូលផ្គត់ផ្គង់ជីវភាពបានល្អប្រសើរ។ នឹងជាធម្មតាកាលណាកសិផលសម្បូរនៅទីផ្សារគឺវាតែងតែចុះថោកព្រោះវាជាទីផ្សារសេរីដែលយើងត្រូវតែប្រកួតប្រជែង និងត្រូវតែទទួលស្គាល់ ៕ ដោយ៖ ភ័ក្ត្រ