សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាំភ្លើងម៉ាកAK.47ចំនួន០២ដើម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបោះចោលក្នុងទឹកស្ទឹងសៀមរាប សំណាងល្អណាស់កាំភ្លើងទាំងនេះនៅមានគុណភាពប្រមាណជា៥០ភាគរយ ហើយត្រូវបានកម្មករសំណាង់ម្នាក់ប្រទះឃើញខណៈកំពុងបង់សំណាញ់ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។
ហេតុការណ៍ប្រទះឃើញនេះគឺនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ពលរដ្ឋដែលបានប្រទះឃើញអាវុធ មានឈ្មោះ ដន ប្រង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ បានមកបង់សំណាញ់តាមមាត់ស្ទឹងក៏ប្រទះឃើញអាវុធAK.47ចំនួន០២ ដើម គ្រាប់ចំនួន២៨គ្រាប់។+លេខកាំភ្លើង: ១.លេខ 56-29014182 ២. លេខ 56-16165652។សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ ដែលប្រទះឃើញអាវុធ ទាំងនេះ គឺគាត់បានទៅបង់សំណាញ់នៅក្នុងស្ទឹងសៀមរាប។អាវុធទាំងនេះនៅមានគុណភាពប្រមាណជា៥០ភាគរយ ហើយបច្ចុប្បន្នអាវុធ និងគ្រាប់ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ៕ដោយ៖ភក្តី