សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ទៅលើពលរដ្ឋ ,នគរបាល និងគ្រូពេទ្យ នៃស្រុកសូទ្រនិគមចំនួន០៩នាក់ និងកំពុងស្រាវជ្រាវបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមិថុនា នេះថា ក្រុមគ្រូពេទ្យបានរកឃើញ អ្នកវិជ្ជមាន កូវីដ១៩ លើអធិការនគរបាលស្រុកសូទ្រនិគម និងមន្ត្រីនគរបាលចំនួន៣នាក់ ព្រមទាំងពលរដ្ឋនៃស្រុកសូទ្រនិគម ហើយបច្ចុប្បន្នកម្លាំងជំនាញនិងក្រុមគ្រូពេទ្យកំពុងស្រាវជ្រាវបន្ថែមទៀត។លោកបន្តថា ចំពោះលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម និងមន្ត្រីនគរបាលផ្សេងទៀត ត្រូវបានចាត់ឲ្យធ្វើចត្តាឡីស័កទៅតាមការណែនាំរប់គ្រូពេទ្យ ហើយកិច្ចការដឹកនាំគឺមានខាងអធិការរងស្តីទីម្នាក់ដឹកនាំការងារបណ្តោះអាសន្នសិន។
លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមិថុនា នេះថា ថ្ងៃនេះក្រុមការងារបានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន០៩នាក់ទៅលើពលរដ្ឋ ,នគរបាល និងគ្រូពេទ្យ នៃស្រុកសូទ្រនិគម។លោកបន្តថា បច្ចប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីឆ្លងនេះថា បានចេញពីប្រភពណាមួយឲ្យច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្ថានការឲ្យបានម៉ត់ចត់។សូមបងប្អូនជនរួមជាតិបន្តអនុវត្តន៍៣កុំ និង៣ការពារ៕ដោយ៖ភក្តី
(រូបភាព៖ឯកសារ)