Wednesday, May 14, 2025
Header Banner

អាជ្ញាធរចុះរឹតបន្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងណែនាំដល់ពលរដ្ឋនៅស្រុកសូទ្រនិគមនិងស្រុកជីក្រែង ឲ្យចេះការពារកូវីដ.១៩

សៀមរាប៖បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ.១៩ជាច្រើននាក់​នៅស្រុកសូទ្រនិគមនិងស្រុកជីក្រែង កម្លាំងនគរបាលចម្រុះនៃខេត្តសៀមរាប ចុះល្បាត និងរឹតបន្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងណែនាំដល់ពលរដ្ឋឲ្យចេះការពារកូវីដ.១៩នៅក្នុងភូមិសាស្ត្រនៃស្រុកខាងលើ។

  លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះថា សកម្មភាពកម្លាំងក្រុម១ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយបានសហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍, កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម។លោកបន្តថា កម្លាំងចម្រុះបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលបំពានបម្រាមរបស់រាជរដ្ឋាភិបាលគឺប្រមូលផ្តុំជួបជុំផឹកស៊ីចំនួន៣កន្លែង មានមនុស្ស ១៤នាក់ (ប្រុស ១១នាក់ /ស្រី ៣នាក់)។ក្នុងនោះក៏បានអប់រំម្ចាស់តូបចាបហួយឲ្យផ្អាកលក់គ្រឿងស្រវឹងចំនួន៣ទីតាំង។ចំណែកខាងស្រុកជីក្រែង ក៏មានការចុះល្បាត និងរឹតបន្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងណែនាំដល់ពលរដ្ឋឲ្យចេះការពារកូវីដ.១៩ផងដែរ។ពាក់ព័ន្ធនឹងករណីនេះដែរ​លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ.១៩នៅស្រុកសូទ្រនិគម និងស្រុកជីក្រែងចំនួន៧០នាក់ហើយ។ក្នុងនោះសមត្ថកិច្ចកំពុងមានវិធានការទប់ស្កាត់បន្ថែមទៀត។

   បន្ទាប់ពីកម្លាំងនគរបាល ពលរដ្ឋ និងគ្រូពេទ្យបានឆ្លងជំងឺកូវីដ.១៩ កាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនកម្លាំងសមត្ថកិច្ចជំនាញចុះមកពង្រឹងការងារផ្សេងៗនៅក្នុងស្រុកសូទ្រនិគម ឲ្យមានភាពល្អប្រសើរឡើងវិញ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម