ភ្នំពេញ៖ឈាមស្រែកស្បែកហៅ…ដោយសារតែទំនាស់និងគ្នា បុរសម្នាក់ដែលជាប្តីរបស់ជនរងគ្រោះ បានកាប់សម្លាប់ប្រពន្ធញាត់ក្នុងវ៉ាលីដាក់ឡានពីភ្នំពេញយកទៅបោះចោលនៅខេត្តត្បូងឃ្មុំ បាន៣ថ្ងៃក្រោយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមក្របួចជាប់ តែម្តង។
សមត្ថកិច្ចបានឲ្យដឹង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រួសងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ម្នាក់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១០ និង៣០នាទី។សមត្ថកិច្ចបន្តថា ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ ( ហៅ ) ហួរ ភេទប្រុស អាយុ៥៩ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាប់ចោទ ករណីឃាតកម្មបង្កដោយសហព័ទ្ធ ទំនាស់វាយទាត់កាប់ និងកាំបិតបណ្តាលឲ្យជនរងគ្រោះស្លាប់ ០១នាក់ នៅចំណុចក្នុងផ្ទះលេខ ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង០៦ និង៣០នាទី។សមត្ថកិច្ចបន្តថា ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ បានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ។ បន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធញាត់ក្នុងវ៉ាលីយកបោះចោលនៅខេត្តត្បូងឃ្មុំ ៣ថ្ងៃក្រោយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមក្របួចជាប់ ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី។នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរកឃើញវត្ថុតាងបន្សល់ទុករួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកលុចស៊ីស RX 330 គ្មាន ស្លាកលេខ, វ៉ាលិស ០១ , សំលៀកបំពាក់មួយចំនួន , និងសម្ភារៈផ្សេងៗ ០១ចំនួន។ បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។
សូមរម្លឹកថា សពស្ត្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៣០នាទី អណ្ដែតទឹកច្រកនៅក្នុងវ៉ាលិស នៅចំណុចមាត់ទន្លេ ក្រោយវិហារ ឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំចម្ងាយពីវិហារប្រមាណ២០០ម៉ែត្រ។បន្ទាប់មកសមត្ថកិច្ចក៏បើកការស្រាវជ្រាវតែម្តង៕ដោយ៖វាយោ