Saturday, November 23, 2024
Header Banner

ជនសង្ស័យចំនួន២ នាក់ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ករណីនាំពលករឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទីចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ដែលពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ទៅសាលាដំបូងខេត្ត ដើម្បីមានវិធានការតាមនិតិវិធី ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់រថយន្ត ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ ២W-២១១៧ បើកបរដោយឈ្មោះ ម៉ាន គន្ធា ហៅ សុធា ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានដឹកមនុស្សប្រុស ស្រី ចំនួន ១៥ នាក់ នៅលើផ្លូវជាតិលេខ៦ ចំណុចស្ពានទី១ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីធ្វើការសួរនាំមនុស្សទាំង១៥នាក់ និងអ្នកបើកបររួចមក ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ម៉ាន គន្ធា ហៅ សុធា ភេទប្រុស អាយុ៤២​ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត អ្នកបើកបររថយន្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។

លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា ដោយឡែកឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់ HIGHLANDER ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AH-3897 ត្រូវបានកម្លាំងសម្ថកិច្ចចម្រុះនៅចំណុចភូមិតេជោភ្នំឆ័ត្រ ដើរល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួន នៅខាងជើងភូមិតេជោភ្នំឆ័ត្រ ចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ចំនួន១០នាក់ ។

នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ឡាយ គឹមលួន បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនពាក់ព័ន្ធទាំង០២នាក់ ១-ឈ្មោះម៉ាន គន្ធាហៅសុធា បានសារភាពេបានដឹកពលករខ្មែរទាំង ១៥ នាក់ មកពីខេត្តព្រៃវេង និងខេត្តកំពង់ចាម បានតម្លៃម្នាក់ ៣០.០០០ រៀល យកមកសាងនៅខេត្តបន្ទាយមានជ័យ និងឈ្មោះសេង ហ៊ុយ បានសារភាពថាគេដឹកពលករទាំង១០នាក់ ពីខេត្តបន្ទាយមានជ័យ ទៅចំណុចខាងជើងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេកតម្លៃម្នាក់ ៥០.០០០ រៀល ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម