ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកភ្នំក្រវាញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨ នឹង៣០នាទីព្រឹក បានចាប់ឃាត់ខ្លួន គ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមន៍ដោះអំពើចំនួន ០៣ នាក់ ពីបទឆបោកស្រ្តីរងគ្រោះ ០២ នាក់ អស់ប្រាក់សរុប៦៧,៦២៣,៨០០រៀល នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចយើងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះចំនួន ០២ នាក់ ទី១-ឈ្មោះ ឈន ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ណាម ស្រីមុំ អាយុ២៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងពីបទឆបោក និងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ នឹង៣០នាទីថ្ងៃ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន ០៣ នាក់ មានឈ្មោះដូចជា៖ ទី១-ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ ទី២-ឈ្មោះ វង់ បឿ ហៅបឿក ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាកូនប្រសារ) ជាគ្រូមន្តអាគមដោះអំពើមើលជំងឺ និងទី៣-ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទាលុយពីជនរងគ្រោះយកមកធ្វើវិធីទំនឹបគ្រូ ដែលអ្នកទាំងបីមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ក្រុមជនសង្ស័យខាងលើបានឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២ ០៦៨ ៨០០រៀល (សែសិបពីលានប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំបីរយរៀល) ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះដែលរត់តាមស្រីឲ្យត្រឡប់មកវិញ ចំណែកឯជនរងគ្រោះទី២-ឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥ ៥៥៥ ០០០រៀល (ម្ភៃប្រាំលានហាសិបប្រាំម៉ឺនប្រាំពាន់រៀល) ថ្លៃធ្វើពិធីឆាបហៅសង្សាជនរងគ្រោះដែលបានបែកចិត្តឲ្យត្រឡប់មកវិញ ។ ចំពោះការឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំងពីរនាក់ខាងលើ ក្រុមជនសង្ស័យបានឲ្យជនរងគ្រោះធ្វើការវេប្រាក់ឲ្យពួកខ្លួនតាមវីងវេលុយជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យតាមការកំណត់ទេ គំរាមថានិងធ្វើអំពើឲ្យសមាជិកក្នុងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់។
លោកអធិការ បានបន្តទៀតថា ករណីនេះក្រោយពីសមត្ថកិច្ចយើងបានរាយការណ៍ជូនឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរស័ព្ទ ០៨៨ ៩៦៩៧១៦៨ លោកក៏បានឲ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី៕ ដោយ៖ មិត្តពុក