បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកអភិបាលខេត្តបន្ទាយមានជ័យ បានជួយទិញកង្កែបទំងន់១តោន ចែកជូនដល់កងកម្លាំងទាំងបីស្ថាប័នរួមមាន៖នគរបាល,យោធា,អាវុធហត្ថ ក្រោយសហគមន៍កសិករចិញ្ចឹមកង្កែបរកទីផ្សារលក់មិនបាន។
សូមរម្លឹកថា៖កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ សហគមន៍កសិករចិញ្ចឹមកង្កែបសង្កាត់ភ្នៀត បានត្អូញត្អែរថាចិញ្ចឹមកង្កែបបានផលហើយតែគ្មានទីផ្សារលក់បណ្តាលឲ្យប្រជាកសិករបាក់ទឹកចិត្តគ្មានអ្វីសងធនាគារ ហើយកង្កែបដែលប្រជាកសិករចិញ្ចឹមមានប្រមាណជិត៥០គ្រួសារ មានកង្កែបប្រមាណជិត១០តោន ប្រជាពលរដ្ឋចិញ្ចឹមទទួលបានផលហើយ តែរកទីផ្សារលក់គ្មានជាប់គាំងលក់មិនចេញហើយសុំអោយអភិបាលខេត្តបន្ទាយមានជ័យនិងមន្ទីរជំនាញជួយរកតីផ្សារ។សហគមន៍កសិករចិញ្ចឹមកង្កែបបានបញ្ជាក់ថា៖ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលចិញ្ចឹមកង្កែបមាន ភូមិកន្ទួត ភូមិភ្នៀត ភូមិថ្មី ភូមិកំព្រីង ក្នុងសង្កាត់ភ្នៀត និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចិញ្ចឹមកង្កែបសាច់លក់កាលពីឆ្នាំមុនលក់បានកង្កែបក្នុង១គីឡូក្រាមតំលៃ៨,០០០ទៅ៩,០០០រៀល ហើយអ្វីដែលចំលែកឆ្នាំនេះកង្កែបគ្មានទីផ្សាររឺគ្មានអ្នកទិញ។ដោយឡែកកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួយទិញកង្កែបទំងន់១តោន ដើម្បីយកមកចែកជូនដល់កងកម្លាំងទាំងបីស្ថាប័ននិងមន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ ៕ដោយ៖វាយោ