ភ្នំពេញ ៖បើតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញអំពី មូលហេតុចំនួន៥ដែលនាំឲ្យការផ្គត់ផ្គង់ត្រីនៅកម្ពុជាជួបប្រទះការខ្វះខាត។
របាយការណ៍បានបន្តថា ក្រសួងកសិកម្មមូលហេតុសំខាន់ៗទាំ៥នោះរួមមានទី១. កំណើនប្រជានេសាទ ដោយមានការប្រើបច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកលក្នុងការធ្វើនេសាទខ្ពស់, ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន,ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី។លើសពីនេះទៀតកិច្ចសហការជាមួយសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិតដែលធ្វើឲ្យមានការថមថយផលត្រីពីធម្មជាតិ ។ទី២. ការមិនមានការព្រមព្រៀងណាមួយរវាងអ្នកចិញ្ចឹមត្រីក្នុងស្រុក និងអ្នកគាំទ្រការនាំចូលត្រីពីខាងក្រៅ ដែលបង្កើតឲ្យមានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ។ទី៣-វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូល បានដោយទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប(ខ្វះប្រភពទឹក,បរិស្ថាន ជុំវិញមិនគាប់ប្រសើរ) ។ជាងនេះទៀតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងចំណីត្រីមានតម្លៃខ្ពស់ ទីផ្សារ និងការចែកចាយភាគច្រើនគ្រប់គ្រងដោយបណ្តាញអាជីវករនាំចូលត្រី។ទី៤. យន្តការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញទាំងបរិមាណគុណភាពនិងកាតព្វកិច្ចនានាសម្រាប់អ្នកនាំចូលនិងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើននិងទី៥. វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុននិងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេសគួបផ្សំជាមួយតំលៃនៃការដឹកជញ្ជូនក្នុងស្រុកនិងការនាំចេញតម្លៃសេវាក្នុងការផលិតកែច្នៃនិងស្តុកនៅមានតម្លៃខ្ពស់។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថាក្នុងបរិការណ៍នេះ ក្រសួងបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ។ក្រៅពីកត្តាទាំងនេះការកើនឡើងចំនួនប្រជាជនក៏ជាកក្តាមួយដែរដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីមានការខ្វះខាត។ផ្អែកតាមតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅប្រជាជនសរុបតាមវិធីសាស្ត្រនៅថ្ងៃទី៣ខែមីនាឆ្នាំ២០១៩កម្ពុជាមានប្រជាពលរដ្ឋចំនួន ១៥២៨៨៤៨៩ នាក់កើនឡើងជាងចំនួន១៤.១ភាគរយរយៈពេល១១ ឆ្នាំរវាងឆ្នាំ២០០៨និង២០២១៩ធ្វើឲ្យតម្រូវការត្រីសាច់សម្រាប់បរិភោគមានការកើនឡើងផងដែរ។តាមការស្រាវជ្រាវប្រជាជនម្នាក់បរិភោគត្រីប្រមាណ៥២.២៤ គីឡូក្រាមក្នុងមួយឆ្នាំ។ប៉ុន្តែប្រជាជនដែលរស់នៅតំបន់ទំនាបលិចទឹកបរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅ៧៥.៦ គីឡូក្រាមក្នុងមួយឆ្នាំ។ដោយផ្អែកលើតម្រូវការ និងទីផ្សារត្រីក្នុងពេលបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងថង់ប្លាស្ទិកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមកផងដែរ៕ដោយ៖ភក្តី