Saturday, November 23, 2024
Header Banner

ក្រោយរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩បំប្លែងថ្មីលើពលករខ្មែរមកពីប្រទេសថៃអាជ្ញាធរខេត្តសៀមរាបប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុន

សៀមរាប៖ យោងតាមមន្ទីរព័ត៌មានខេត្តសៀមរាបបានអោយដឹងថាអាជ្ញាធរខេត្តសៀមរាបប្រកាសរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុនចំពោះពលករខ្មែរដែលមកពីប្រទេសថៃបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ21A/B-1-617.2 (Delta) លើពួកគាត់ចំនួន០២នាក់។សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ21A/B-1-617.2 (Delta) ចំនួន០៧ករណីលើអ្នកដំណើរមកពីប្រទេសថៃចូលមកកម្ពុជាក្នុងនោះមាន១. ខេត្តបន្ទាយមានជ័យចំនួន០១ករណីគឺជាស្ត្រីអាយុ២៦ឆ្នាំនៅភូមិក្របៅឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ  ជាពលករខ្មែរធ្វើដំណើរមកពីខេត្តឈុនបុរីប្រទេសថៃតាមច្រកអូរបីជាន់ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១ប៉ុន្តែគាត់បានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់។២. ខេត្តឧត្ដរមានជ័យចំនួន០២ករណីគឺជាបុរសចំនួន០២នាក់ក្នុងនោះម្នាក់អាយុ៣៨ឆ្នាំនៅភូមិម្រើមឃុំដាស្រុកចិត្របុរីខេត្តក្រចេះជាកម្មករសំណង់នៅក្រុមហ៊ុនមួយក្នុងក្រុងថេបប្រទេសថៃបានធ្វើដំណើរមកដល់កម្ពុជាតាមច្រកអូរស្មាច់ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១  និងម្នាក់ទៀតអាយុ៣៨ឆ្នាំនៅភូមិសង្កែឃុំស្នួលស្រុកក្រឡាញ់ខេត្តសៀមរាបជាកម្មករសំណង់នៅក្រុមហ៊ុនមួយក្នុងក្រុងថេបប្រទេសថៃបានធ្វើដំណើរមកដល់កម្ពុជាតាមច្រកអូរស្មាច់ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១ហើយអ្នកទាំងពីរនាក់នេះបានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់។៣. ខេត្តសៀមរាបចំនួន០២ករណីគឺជាស្ត្រីចំនួន០២នាក់ក្នុងនោះស្រ្តីម្នាក់មានអាយុ៤០ឆ្នាំនៅភូមិបុស្សធំឃុំរោងគោស្រុក្រកឡាញ់ជាពលករខ្មែរធ្វើដំណើរមកពីខេត្តឈុនបុរីប្រទេសថៃកាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១និងស្ត្រីម្នាក់ទៀតមានអាយុ៤៧ឆ្នាំនៅភូមិតាយិកឃុំស្នួលស្រុកក្រឡាញ់ជាពលករខ្មែរធ្វើដំណើរមកពីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១  ប៉ុន្តែគាត់ទាំងពីរនាក់បានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់។៤. ខេត្តកំពង់ចាមចំនួន០១ករណីគឺជាបុរសមានអាយុ៤៧ឆ្នាំនៅភូមិរលាកឃុំស្រកស្រុកកំពង់សៀមជាកម្មករសំណង់នៅក្រុងថេបប្រទេសថៃបានធ្វើដំណើរមកដល់កម្ពុជាតាមច្រកអូរស្មាច់ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២១ហើយបានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់។ 

៥. ខេត្តកំពតមានចំនួន០១ករណីគឺជាស្ត្រីអាយុ១៩ឆ្នាំនៅក្រុងកំពតខេត្តកំពត  បានធ្វើដំណើរពីខេត្តឈុនបុរីប្រទេសថៃមកដល់កម្ពុជាកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១ហើយបានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាំងពីថ្ងៃទើបមកដល់

ចំណេកឯលោកពិនប្រាកដអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាអាជ្ញាធរខេត្តនឹងធ្វើការរឹតបន្ដឹងឲ្យកាន់តែហ្មត់ចត់ជាងមុនចំពោះបងប្អូនពលករខ្មែរដែលមានលំនៅឋានក្នុងភូមិសាស្ត្រខេត្តសៀមរាបដែលបានវិលត្រឡប់មកពីប្រទេសថៃដោយសារតែកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១ម្សិលមិញនេះរដ្ឋបាលខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ21A/B-1-617.2 (Delta) លើពលករខ្មែរជាស្ត្រីចំនួនពីររូបដែលមកពីប្រទេសថៃកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១នេះហើយបានធ្វើចត្ដាឡីស័កយ៉ាងប្រយ័ត្នប្រយ៉ែងបំផុតនៅក្នុងខេត្ដសៀមរាប។លោកពិនប្រាកដអភិបាលរងខេត្តសៀមរាបមានប្រសាសន៍សង្កត់ធ្ងន់ថាវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ21A/B-1-617.2 (Delta) នេះជាប្រភេទវីរុសដែលវាមានសមត្ថភាពចម្លងលឿនរហ័សនិងកាចសាហាវជាងមុនធ្វើឲ្យអ្នកជំងឺស្លាប់លឿនប្រសិនបើអ្នកជំងឺនោះកើតរោគសញ្ញាសួតធ្ងន់ធ្ងរហើយពេទ្យជួយមិនបានទាន់ពេលវេលាប៉ុន្តែបើទោះបីជាខេត្តសៀមរាបមិនមានការឆ្លងរាលដាលនូវមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ21A/B-1-617.2 (Delta) នេះនៅក្នុងភូមិសាស្ត្រខេត្តក្រៅពីពលករខ្មែរពីររូបនេះក៏ពិតមែនកន្លងមកក៏ដូចជាបច្ចុប្បន្នរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបំផុសអប់រំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យយកចិត្តទុកដាក់អនុវត្តនីវិធានការនានារបស់ក្រសួងសុខាភិបាលជាពិសេសវិធានការរបស់រាជរដ្ឋាភិបាលគឺ«៣កុំនិង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។

រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសលោកជំទាវឱវណ្ណឌីនក៏ធ្លាប់បានមានប្រសាសន៍ថាមេរោគកូវីដ-១៩បំប្លែងថ្មីគឺជាវីរុសមានសមត្ថភាពចម្លងលឿនរហ័សនិងកាចសាហាវជាងមុនប៉ុន្តែចំពោះបញ្ហានៃការជោគជ័យឬបរាជ័យនៃការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩គឺអាស្រ័យលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាព្រោះថារាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានខិតខំអស់ពីចិត្តពីថ្លើមនៅក្នុងការអំពាវនាវនៅក្នុងការដាក់ចេញនូវវិធានការចាំបាច់សម្រាប់ការអនុវត្តការកើតមានការឆ្លងរាលដាលជំងឺកូវីដ-១៩  នារយៈកាលកន្លងមកប៉ុន្តែដោយសារមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការភ្លេចប្រហែសនិងមើលស្រាលលើស្ថានភាពនៃការវាយលុកចំពោះវីរុសកូវីដ-១៩បានធ្វើឲ្យមានការចម្លងនេះវាដើរពីកន្លែងមួយទៅកន្លែងមួយដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩សូមអនុវត្តឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ៣កុំនិង៣ការពារ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម