សៀមរាប៖នៅយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះរដ្ឋបាលខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានកូវីត១៩ ចំនួន ៣៩នាក់ និង មានករណីស្លាប់ម្នាក់ដោយសាររលាកសួតរ៉ាំរ៉ៃនឹងជំងឺកូវីដ-១៩ ដែលជាអ្នករស់នៅឃុំកណ្តែកស្រុកប្រាសាទបាគង។
សមត្ថកិច្ចបន្តថា នៅម៉ោង១៧និង៤០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីមនុស្សស្លាប់ម្នាក់ ឈ្មោះកុក ប៊ុនថា ភេទ ប្រុស អាយុ៣០ឆ្នាំ អាស័យដ្ឋានភូមិគោកត្នោត ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចូលសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីវេលាម៉ោង១៤.០០ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ស្លាប់ដោយសាររលាកសួតរ៉ាំរ៉ៃនឹងជំងឺកូវីដ-១៩ សពត្រូវបានក្រុមគ្រូពេទ្យយកទៅបូជានៅ ឈាបនដ្ឋាន វត្តអរញ្ញរង្សី(ហៅវត្តល្អក់ ស្ថិតនៅ ភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោក ក្រុសសារ៉ាត់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងនៅយប់ថ្ងៃទី២២ខែមុថុនាឆ្នាំ២០២១នេះថា ថ្ងៃនេះខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានកូវីត១៩ ចំនួន ៣៩នាក់ និង មានករណីស្លាប់ម្នាក់។ មិនមានករណី ជាសះស្បើយនោះទេ។ អាជ្ញាធរខេត្តសៀមរាប សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដែលណែនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ ការចម្លង និងបង្ការខ្លួនយើង ពីមេរោគកូវីដ-១៩ដ៏ចង្រៃនេះ ព្រោះវាមិនទាន់រលាយបាត់ ទៅណាឆ្ងាយនៅឡើយ ហើយក៏កំពុងបន្តការចម្លងយ៉ាងសកម្ម ផងដែរ៕ដោយ៖សេរី