សៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានទទួលបណ្តឹងរបស់ស្ត្រីរងគ្រោះករណីមានចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ។បន្ទាប់ពីស្រាវជ្រាវនិងកំណត់មុខសញ្ញារួចក៏បានឃាត់ខ្លួនជនសង្ស័យជាប្តីដែលបានគាស់ផ្ទះប្រពន្ធចុងយកលុយឲ្យប្រពន្ធដើមនៅឯខេត្តត្បូងឃ្មុំដើម្បីទិញឡាន។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសសៀមរាប គឺលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៤ខែមិថុនានេះថា បន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុង និងដោយ មានការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយទោទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,លោកឧត្តម សេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ,លោកវរសេនីយ៍ ឯក ណុប សារ៉ាត់ លោកវរសេនីយ៍ស្នងការរងជាជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យរូបលោក ដឹកនាំបើកការស្រាវជ្រាវ ជាមួយនគរបាលក្រុងសៀមរាប និងនគរបាលប៉ុស្តិ៍ជ្រាវ ដើម្បីស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ។លោកបន្តថា ហេតុការឃាត់ខ្លួនជនសង្ស័យជាប្តី នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃ២៣ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅផ្ទះ ជនរងគ្រោះក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។លោកបន្ថែមថា ជនសង្ស័យមានឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស ( គាស់ស័ង្កសី )កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ លោក បានបន្ថែមថា ដោយយោង តាម ពាក្យបណ្តឹងជនរងគ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ អ៊ុតសក់ នៅផ្សារ កណ្ដាល រស់នៅបច្ចុប្បន្ន ភូមិ ឃុំ កើតហេតុខាងលើ ចុះថ្ងៃទី ២៣ខែមិថុនា ឆ្នាំ ២០២១ ។លោកបញ្ជាក់ថា មុនពេលកើតហេតុនៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១ ជនរង គ្រោះ បានចាក់សោរទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈឺ នៅខេត្តត្បូងឃ្មុំលុះរហូតដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ជនរងគ្រោះ បានត្រឡប់មកផ្ទះ វិញ ក៏ឃើញផ្ទះមានស្នាមគាស់និងរើកកាយនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះដោយបាត់បង់ប្រាក់ដុល្លារចំនួន១២៤០០ដុល្លារ ខ្សែក.មាស០១ខ្សែ ទម្ងន់១តម្លឹង (ទ្រព្យសម្បត្តិទាំងអស់ របស់ជនរងគ្រោះដាក់ក្នុងស្រោម ខ្នើយក្នុងបន្ទប់ដេក )។លោក បានបន្ថែមទៀតថា ក្រោយពេលទទួលពាក្យបណ្តឹងហើយ លោកបានដឹកនាំចុះបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើសង្ស័យឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះ ហើយកម្លាំងសមត្ថកិច្ចបាននាំ ឈ្មោះ យ៉ែម សំណាង យកមកធ្វើការសាកសួរ នៅការិយាល័យជំនាញ។លោកបញ្ជាក់ទៀតថា តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចករណីខាងលើនេះពិតប្រាកដមែន នៅព្រឹកថ្ងៃទី ១៩ខែមិថុនាឆ្នាំ ២០២១ ដោយឃើញជនរងគ្រោះមិននៅផ្ទះ(ប្រពន្ធចុងរបស់គាត់)គាត់ក៏បានចូលធ្វើសកម្មភាពដោយយកដង្កាប់កាត់ស័ង្កសីបង្អួចហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាពលួចយកប្រាក់ដុល្លារចំនួន១១២០០និង ខ្សែក.មាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្តក្រោយពេលធ្វើសកម្មភាពហើយ ខ្លួនបានយកប្រាក់ និងខ្សែក ទៅផ្ញើឲ្យប្រពន្ធដើមនៅខេត្តត្បូងឃ្មុំ។
នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការច្បាប់។ចំណែកវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ ទៅយកពីប្រពន្ធដើមនៅខេត្តត្បូងឃ្មុំ មកប្រគល់ឲ្យជនរងគ្រោះវិញហើយ។ក្នុងនោះដែរស្ត្រីរងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប និងកម្លាំងនគរបាលក្រុងសៀមរាប នករបាលប៉ុស្តិ៍ជ្រាវដែលបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជនសង្ស័យបានដោយជោគជ័យ៕ដោយ៖ភក្តី