Saturday, November 23, 2024
Header Banner

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីឃុបឃិតអោយជនជាតិវៀតណាមដឹកឈើចេញជាច្រើនរយកំណាត់ដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន អូរហ៊ុច

មណ្ឌលគិរី៖ អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ ២គ្រឿង ម៉ូតូ ២គ្រឿង និងរណាយន្ត ១គ្រឿង។

ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើ បានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន បានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ ទី១ មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និងទី៤​ ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន ២៥២កំណាត់ ត្រាក់ទ័រ ២គ្រឿង ម៉ូតូ ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។

ចំណែកក្រុមការងាររបស់គណៈកម្មការជាតិបន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕​ដោយ៖ ប្រឹក្សា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម